មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ


មានទទួលផ្សាយពាណិជ្ជកម្ម
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

ចំបាំងនឹងសៀមលើកទី ៣ គ.ស ១៥៧៤ (ភាគបញ្ចប់)

ផ្សាយថ្ងៃទី ១៤ វិច្ឆិកា ២០២៣

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ក្នុងឆ្នាំច ចត្វាស័ក ពស.២១១៨, គស.១៥៧៤, មស.១៤៩៦, ចស.៨៣៦ ព្រះបាទសម្ដេចព្រះបរមរាជាធិរាជជាអម្ចាស់ ព្រះបរមរាជាធិរាជជាអម្ចាស់ជីវិតលើត្បូង ស្ដេចចូលគង់ចុងព្រះរាជារោងរម្យជួបជុំអស់ខ្ញុំរាជការធំ-តូចទើបមានព្រះរាជឱង្ការ​ត្រាស់ពិភាក្សាថា យើងបានចាត់បំរើឱ្យទៅស៊ើបការណ៍នៅប្រទេសលាវបំរើបានមកទូលយើងវិញថា: លាវបានកេណ្ឌកងទ័ពជាច្រើនបំរុងនឹងលើកមកច្បាំងនឹងព្រះនគរយើង។ ប៉ុន្តែឥឡូវនេះ ព្រះចៅក្រុងហង្សាវតីលើកទ័ពមកធ្វើសង្គ្រាមនឹងប្រទេសលាវហើយខាងនគរសៀមព្រះបាទមហាធម៌រាជាធិរាជ ស្ដេចក៏លើកទ័ពទៅតាមស្ដេចដែរ ទុកកូនឱ្យនៅរក្សាព្រះនគរ។ ការណ៍នេះបានកលគួរដល់យើងហើយគួរយើងទៅធ្វើសង្គ្រាមយកនគរសៀមឱ្យបាន។ មន្ត្រីខ្ញុំរាជការទាំងធំទាំងតូច ក៏យល់ព្រមតាមសព្វព្រះរាជហឫទ័យគ្រប់គ្នា។ លំដាប់នោះទ្រង់បានតាំងចិនម្នាក់ ឱ្យធ្វើជាសង្គ្រាមមន្ត្រី ស្រដីលើអស់ចិនទាំងអស់មានងារជាចៅពញាចិន។ ស្ដេចឱ្យកេណ្ឌពលចិន ១០០០០ នាក់ដាក់ជាទ័ពមុខឱ្យកេណ្ឌពលខ្មែរ ១២០០០០០ នាក់ជាទ័ពធំ។
ទ្រង់ឱ្យរៀបភេត្រាទូកក្ដារគ្រឿងសស្ត្រាវុធកំណត់ទីប្រជុំពលនៅស្រុកពាម បន្ទាយមាស។ ទ្រង់ត្រាស់ឱ្យសម្ដេចព្រះសត្ថាធិរាជជាព្រះឱរស និង សម្ដេចចៅហ្វាទឡ្ហៈព្រមទាំងសេនាបតី ក្រុមស្រុករក្សាព្រះនគរ។ លុះដល់ខែកក្ដិក ជាថ្ងៃសួស្ដីសិរីរាជ្យ មហាប្រសើរ ស្ដេចព្រះរាជដំណើរចេញចាក ព្រះមហានគរបវរលង្វែករាជធានី។ កាលស្ដេចយាងដល់ឡើងសណ្ឋិតគង់លើព្រះពន្លាជ័យរាជាសនៈ នៅស្រុកពាមបន្ទាយមាស ហើយព្រះបរមនាថ បរមបពិត្រជាអម្ចាស់ជីវិតប្រទេសកម្ពុជា ស្ដេចមានព្រះរាជឱង្ការត្រាស់ឱ្យចៅពញាចិនដែលមានងារជាចិនចានតុក ធ្វើជាមេទ័ពឃុំពលចិនខ្មែរ ២០០០០ នាក់ឱ្យឧកញ៉ាក្រឡាហោមជាប៉ែកស្ដាំឃុំពល ១០០០០ នាក់ឱ្យចៅពញាឱកាសកេសរ ព្រះវង្សធំជាប៉ែកឆ្វេងឃុំពល ១០០០០ នាក់ឱ្យចៅពញាពិស្ណុលោក ឃុំពល ១០០០០ នាក់ដែរជាទ័ពក្រោយ។ ទ្រង់ត្រាស់ឱ្យមន្ត្រីទីចៅពញា ទីព្រះ ទីហ្លួង ទីឃុន ទីម៉ឺន ចូលក្នុងក្បួនទ័ពធំ និង​ នាយម៉ឺន នាយពាន់ នាយរយទៅដោយកងៗ តាមក្បួនពិជ័យសង្គ្រាមទៅចុះទូកសមុទ្រធំ-តូច មានកាំភ្លើងធំនូវទង់ជ័យទាំង ៦ ពណ៌ប្រកបទៅដោយសព្វយុទ្ធ។
លុះបញ្ចុះពលស្រេចហើយ ព្រះបាទសម្ដេចព្រះបរមិន្ទរាជាធិរាជ ឥសូរក្សត្រជាអម្ចាស់ជីវិត លើត្បូងទ្រង់ព្រះរាជដំណើរចុះ គង់ព្រះទីនាំងសុវណ្ណនាវាភេត្រារចនាមហិមាទៅដោយគ្រឿងសស្ត្រាវុធវិស្សុតនូវ ស្វេត្រច្ឆ័ត្រ គ្រឿងរតន៍អភិរម្យ ឧត្តមដោយគ្រឿងឥស្សរិយយស។ លុះបានឫក្ស មហាវាយោផាត់ជំនោរមកលើទ័ពហើយ សម្ដេចព្រះបរមិន្ទរាជាធិរាជជាឥសូក្សត្រ ស្ដេចត្រាស់បង្គាប់ ឱ្យបើកទង់ជ័យតាំងហ៊ោលើកព្យូហយោធា មហានាវា ទ័ពធំ សន្ធឹកសន្ធាប់ទៅដោយបនមាំមួនជាមហាឡាតិរេក មើលប្លែកទៅដោយពន៍សំលៀកបំពាក់ ដែលពាក់តែងខ្លួនទៅដោយខ្លួនផ្សេងៗគ្នា។ ក្រុមភ្លេងក៏លេងប្រគំនាំទ័ពចេញទៅដោយមហាសមុទ្រទ័ពមុខទៅដល់ស្រុកចន្ទបុរី ក៏លើកវាយចាប់បានចៅហ្វាយស្រុកសៀម និង ឈ្លើយសៀមជាច្រើន។ ទ័ពនេះមានជ័យបានស្រុកតូចៗ រហូតទៅដល់ពាមសមុទ្រ ស្រុកធនបុរីទើបបានប្រទះនឹងទូតល្បាតសៀមពីរ។ មួយរំពេចនោះ ចៅពញាចិនចានតុក ទ័ពមុខ ក៏លើកទ័ពដេញទូកល្បាតសៀមរហូតដល់ស្រុកធនបុរី។ កងទ័ពចៅហ្វាយស្រុកសៀមក៏បានចេញមកទទួលច្បាំង។ ចៅពញាចានតុកលើកទ័ព មុខមកចេញច្បាំងយ៉ាងស្វាហាប់ហើយមានជ័យជំនះចាប់បានរាស្ត្រសៀម និងកងរេហ៍ពលទូកក្ដារជាច្រើន។ ចំណែកចៅហ្វាយស្រុកណាដែលរត់រួចខ្លួនទៅនោះក៏ ខំស្រូតរូតចូលទៅទូលព្រះចៅក្រុងស្រីអយុធ្យាឱ្យស្ដេចទ្រង់ជាប់គ្រប់ប្រការ។ ចំណែកឯទ័ពហ្លួងខ្មែរយើងវិញ ស្ដេចទ្រង់ព្រះរាជដំណើរទៅដល់បាណមប្រជែងទើបទ្រង់ត្រាស់ឱ្យបោះទ័ពតាំងនៅទីនោះ។
ឯព្រះចៅក្រុងស្រីអយុធ្យា ស្ដេចសៀមកាលដែលបានទទួលដំណឹងពីចៅហ្វាយស្រុកធនបុរី ហើយស្ដេចក៏ជំនុំ ប្រឹក្សានឹងអស់មុខមន្ត្រីថា ទ្រង់បានឱ្យកេណ្ឌកងទ័ពលើកមកចាំរក្សាព្រះនគរហើយ ឥឡូវនេះកងទ័ពក៏បានមកដល់ខ្លះហើយ។ ដូច្នេះ តើគួរយើងនឹងលើកទ័ពទៅទទួលច្បាំងក្រៅព្រះនគរ ឬចាំច្បាំងនៅក្នុងព្រះនគរ។ អស់មុខមន្ត្រី ស្រដីព្រមគ្នាទូលថា គួរតែព្រះអង្គចាត់ឱ្យរៀបទ័ពទទួលច្បាំងពីក្រៅព្រះនគរសិនកុំអាលឱ្យបច្ចាមិត្រចូលមកដល់ក្នុងព្រះនគរភ្លាម ប៉ុន្តែសូមព្រះអង្គស្ដេចរង់ចាំកេណ្ឌរេហ៍ពលឱ្យមកដល់ជុំគ្នាសិន។ ព្រះធម៌រាជាធិរាជទ្រង់ យល់ថាយោបល់អស់មុខមន្ត្រីនេះត្រូវណាស់ ទើបទ្រង់ឱ្យចាត់កងទ័ពឱ្យព្រះយសរាជធានី ជាមេទ័ពធំឃុំពល ៤០០០ នាក់ ឱ្យម៉ឺនរាជាមាត្យ ជាមេទ័ពមុខឃុំពល ៣០០០ នាក់ព្រមដោយទូកដាវកាំភ្លើងគ្រឿងចំបាំងលើកទ័ពមកទទួលច្បាំងនឹងទ័ពខ្មែរ។ ខណៈនោះ ទូកល្បាតខ្មែរបានដឹងសេចក្ដីនេះហើយ ក៏ចូលទៅក្រាបទូលព្រះករុណា "ព្រះរាជាខ្មែរ" ថា: មានទ័ពសៀមលើកមកចំនួន ៧០០០ នាក់។ មួយរំពេចនោះ ព្រះបរមបពិត្រជាអម្ចាស់ស្ដេចត្រាស់ឱ្យចៅពញាចិនចានតុក ឃុំពលខ្មែរចិន ១០០០០ នាក់ចេញទៅច្បាំងនឹងទ័ពសៀម។ ចៅពញាចិនចានតុក ទទួលព្រះរាជឱង្ការ ហើយក៏លើកទ័ពទៅដល់ទល់នឹងទ័ពសៀមមួយរំពេច។
ខណៈនោះ ទ័ពខ្មែរទ័ពសៀមក៏បោកទង់ជ័យតាំងហ៊ោវាយគងទូងស្គរបាញ់កាំភ្លើងធំ-តូច ច្បាំងគ្នាជាសន្ធឹកគឹកកងកោលាហល។ ពញាចិនចានតុកជាមន្ត្រីចិន ក៏ពិតមែនតែមានចិត្តក្លាហាននឹងការសង្គ្រាមណាស់។ អ្នកចែវទូកចែវចូលទៅប្រជល់នឹងទូកម៉ឺនរាជាមាត្យ ហើយបាញ់ចាក់កាប់សំលាប់នូវទ័ពទាំងសងខាងទៅវិញទៅមក ឥតកោតញញើតដៃសោះឡើយ។ ខាងសៀមក៏ដូចជាខាងខ្មែរសុទ្ធតែរបឹងនឹងរបឹងប្រយុទ្ធគ្នាមួយថ្ងៃតាំងពីព្រឹកទល់ល្ងាចឮសូរតែ ដំបង ដាវ លំពែង ប៉ះគ្នាកក្រើកព្រៃបែកទឹកសំពោង។ លុះដល់ព្រះអាទិត្យជិតអស្ដង្គត ម៉ឺនរាជាមាត្យឃើញថាទ័ពខាងខ្លួនទន់ដៃណាស់ហើយនឹងនៅទ្រាំតស៊ូនឹងទ័ពចិន ខ្មែរតទៅទៀតមិនបានក៏នាំគ្នាលោតចុះទឹកអស់ទៅ។ មួយរំពេចនោះចៅពញាចិនចានតុក លើកទ័ពខ្មែរចិនដេញតាមទៅឥតបង្អង់មិនយូរប៉ុន្មានទ័ពខ្មែរ ក៏វាយត្រូវម៉ឺនរាជាមាត្យដួលនៅនឹងកន្លែង ហើយចាប់បានខ្លួនទាំងរស់ទៀត។ ទ័ពខ្មែរឃើញដូច្នោះក៏កាន់តែមានចិត្តក្លាហាននាំគ្នាលើកចូលវាយ ទ័ពសៀមឥតមានកោតញញើតដរាបដល់ទ័ពសៀមរត់បែកបាក់ខ្ចាត់ខ្ចាយអស់។ ឯព្រះយសរាជធានី មេទ័ពសៀមកាលឃើញទ័ពម៉ឺនរាជាមាត្យបាក់ដូច្នេះហើយ ទ្រង់ក៏ភិតភ័យខ្លាំងណាស់ចុះទូកយ៉ាងរហ័សហើយអុំរត់ចូលទៅក្នុងព្រះរាជធានីវិញ។
ពលសៀមស្លាប់នឹងអាវុធ ស្លាប់នឹងធ្លាក់ទឹកក៏ច្រើនចាប់បានទាំងរស់ក៏ ច្រើនសល់រត់ចូលទៅវិញបានតិចណាស់។ ពញាចិនចានតុកបានជ័យជំនះហើយ ក៏លើកទ័ពត្រឡប់មកវិញនាម៉ឺនរាជាមាត្យនឹងឈ្លើយសៀមទាំងប៉ុន្មានព្រមទាំងទូកក្ដារ គ្រឿងសស្ត្រាវុធ មកក្រាបបង្គំទូលថ្វាយ ព្រះបាទអ្នកជាអម្ចាស់ ជីវិតលើត្បូងនៅទីបាណាមព្រះប្រដែង។ ព្រះបរមនាថ បរមបពិត្រ ទ្រង់ជ្រាបហើយ ទ្រង់មានព្រះអំណរណាស់ ទ្រង់ដោះព្រះទំរង់មាសត្បូងពេជ្រមួយដាវមាសមួយ ព្រះរាជទានឱ្យចៅពញាចិនចានតុកជារង្វាន់លើកទឹកចិត្ត។ ចំពោះអស់សេនាទាហានដទៃទៀត ក៏ទ្រង់ព្រះមេត្តាប្រោសព្រះរាជទានមាសប្រាក់ជារង្វាន់តាមគួរហើយ ស្ដេចមានព្រះរាជឱង្ការថា : យើងចាប់បានឈ្លើយសៀមតាំងពីរស្រុកចន្ទបុរីរៀងមក បើតាមរាប់ទៅក៏បានច្រើនពាន់នាក់ហើយ។ បើយើងនឹងទុកឱ្យនាវានៅក្នុងក្បួនទ័ពនេះតទៅទៀតក៏នឹងជាការកង្វល់ដល់យើងដែរ។ ដូច្នេះត្រូវយើងចាត់ឱ្យចៅហ្វាយស្រុកកំពត កំពង់សោមផាត់កៀរគ្រួទាំងទ័ពជើងទឹក ជើងគោកនាំវិលទៅក្រុងកម្ពុជាធិបតីវិញចុះ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ក្រោយព្រះបាទបរមិន្ទរាជាចាត់ចែងកងទ័ពរួចហើយ ស្ដេចទ្រង់ព្រះរាជដំណើរនាំព្រីន្ទពលាពល រាជទ័ពដោយជលមាគ៌ាទៅដល់ក្រុងស្រីអយុធ្យាហើយ ទ្រង់តាំងទ័ពនៅតំបន់មួយ មួយអន្លើដោយទ័ពមុខទ័ពក្រោយ ឆ្វេង ស្ដាំ។ ទ្រង់បោះទ័ពនៅទីនោះប្រចាំការតាមក្បួនពិជ័យសង្គ្រាម។ ចំណែកខាងសៀមវិញ កាលបើនាយកងទ័ពឃើញទ័ពខ្មែរទៅដល់ហើយ ក៏ឱ្យពលបិទទ្វារព្រះនគរ ហើយដេញពលឱ្យឡើងប្រចាំការរក្សានាទីសព្វៗខ្លួន។ ព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង = ព្រះរាជាខ្មែរ ទ្រង់ជ្រាបថារេហ៍សៀមបិទទ្វារ ព្រះនគរពុំហ៊ានឱ្យសេនាទាហានចេញទល់ទ័ពដូច្នេះ ហើយទ្រង់ត្រាស់ឱ្យតែងជាព្រះសុភអក្សរ និង សំបុត្រនាយកងទ័ព ហើយឱ្យឈ្លើយសៀមនាំយកទៅក្រុងស្រីអយុធ្យាដើម្បីថ្វាយព្រះចៅធម៌រាជា និងអស់មន្ត្រីសៀមឱ្យជ្រាបសព្វសេចក្ដី។ ព្រះចៅក្រុងស្រីអយុធ្យា កាលបានទទួលសំបុត្រខ្មែរហើយ ក៏ឱ្យប្រែមើលឃើញមានសេចក្ដីថា សុភអក្សរបវរមង្គលវិមលវិចិត្រ សុចរិតព្រឹទ្ធាស្រ័យ ពីមហាចតុរង្គាធិបតីក្រោមល្អងធូលីព្រះបាទនៃសម្ដេចព្រះបរមិន្ទរាជា បរមនាថ បរមបពិត្រ ព្រះបាទអ្នកជាឥសូរតេជោជ័យជាអម្ចាស់ ជីវិតលើត្បូង ក្រុងកម្ពុជាធិបតី សិរីសោធរ បវរឥន្ទបត្តកុរុរដ្ឋរាជធានី បុរីរម្យឧត្តមរាជនិវេសន៍ដ៏វិសេសមហាស្ថានបានទ្រង់ជ្រាប។ ចំរើនផ្លូវព្រះរាជមេត្រី មកសម្ដេចព្រះធម្មរាជា ដ្បិតក្រុងកម្ពុជាធិបតី មហានគរមេរាប្រទេស និង ក្រុងស្រីអយុធ្យានោះពីអតីតកាលមក ឥតមានទោសពៃសារហេតុ ទាស់ទែងអ្វីនឹងគ្នាសោះទេមានតែក្រុងកម្ពុជាមានគុណលើក្រុងស្រីអយុធ្យាពីព្រោះថា ពីដើមរៀងមកព្រំដែននៃព្រះនគរក្រុងកម្ពុជាធិបតី កន្លងលើសហួសដែនក្រុងស្រីអយុធ្យានោះ ទិសខាងលិចខាងជើងទល់នឹងស្រុកភូមា មន ព្រំដែនខាងកើតខាងត្បូងទល់នឹងស្រុកយួន ចាម ចិន។
មិនតែប៉ុណ្ណោះសោតទាំងស្រុកភូមា មន លាវ យួន សៀមនេះ ក៏សឹងធ្លាប់ជាចំណុះក្រុងកម្ពុជារៀងមក ច្រើនផែនដីណាស់ដែរ។ លុះដល់មកផែនដី ព្រះគម្ដែងព្រះបាទបទុមសូរ្យវង្ស ដែលមាននៅព្រះនេត្រព្រះកាណ៌ទិព្វវិសេសនោះ ព្រះអង្គទ្រង់ជ្រាបថា ចៅពញារោងនោះ ត្រូវជាសម្ដេចព្រះបរមនាថ ជេដ្ឋារបស់ព្រះអង្គ ព្រះអង្គទ្រង់លើកស្រុកសៀម និងស្រុកភូមា ស្រុកមន ស្រុកលាវទិសខាងលិច ខាងជើង ទាំងអស់ និងនគរសៀមទាំង ៥ នេះ ថ្វាយទៅព្រះចៅពញារោងទុកជានគរសៀមតែមួយ ព្រោះត្រូវជាព្រះជេដ្ឋា។ ព្រះអង្គទ្រង់ឱ្យប្រទេសសៀមជាប្រទេសឯករាជ្យលែងឱ្យនាំសួយសារតំបារមាស ប្រាក់ ទៅថ្វាយព្រះអង្គទៀតព្រោះ ទ្រង់ថ្វាយដាច់ទៅព្រះរោងជាសម្ដេចព្រះជេដ្ឋាហើយព្រះវង្សព្រះរោងបានសោយរាជ្យតមកច្រើនតំណជាសុខរៀងមក ប៉ុន្តែលុះដល់ព្រះចៅឧទងដណ្ដើមយករាជសម្បត្តិជ្រែករាជ្យព្រះរោងទៅស្រុកទាំងនោះត្រូវបានមកប្រទេសកម្ពុជាវិញ ហើយគួរតែសៀមលែងទៅក្រុងតែក្រុងស្រីអយុធ្យានៅតែស្ងៀមព្រងើយមិននាំសួយសារទៅថ្វាយព្រះចៅក្រុងកម្ពុជាធិបតីទាល់តែសោះ។ ទោះបីសៀមធ្វើយ៉ាងនេះក៏ដោយ ក៏ព្រះចៅក្រុងកម្ពុជាទ្រង់មាន ព្រះអធ្យាស្រ័យ ប្រណីមកដល់សៀមដែរ ពុំបានប្រកាន់ទោសសៀមជាប្រការអ្វីឡើយ។ លុះដល់ផែនដី ព្រះបាទធម្មាសោករាជ ព្រះចៅក្រុងកម្ពុជាអង្គនេះ ក៏ស្ដេចពុំប្រកាន់ទោសពៃអ្វីនឹងសៀមទៀតដែរដើម្បីមិនឱ្យសៀមមានសេចក្ដីទើសទាល់ទេ។
ប៉ុន្តែមិនដឹងជារឿងអ្វី ក៏ស្រាប់តែព្រះបរមរាជា ស្ដេចសៀមឱ្យព្រះរាជាធិបតីធ្វើជាទ័ពចោរលើកលបទៅក្រឡុកវាយបែកព្រះមហានគរម្ដងទៅ។ ដល់មកផែនដីព្រះលំពង្សរាជា "ស្ដេចខ្មែរ" ទៀតក៏ព្រះបរមរាជា សៀមលបលើកទៅវាយបែកព្រះនគរជាលើកទីពីរម្ដងទៀត។ កាលស្ដេចសៀមលើក ទ័ពទៅវាយទាំងពីរលើកនេះ សៀមពុំបានចាត់ឱ្យមានព្រះរាជសារទៅណាត់ទ័ព ដើម្បីច្បាំងគ្នាជាមុនសោះ។ ដល់ផែនដីព្រះបរមរាជាជាសម្ដេចព្រះវរបិតាយើងក៏ព្រះចៅចក្រពត្តិ "ស្ដេចសៀម" លើកទៅវាយមហានគរម្ដងទៀត។ លុះដល់ចាញ់ដៃខ្មែរហើយ ព្រះចៅចក្រពត្តិត្រឡប់ទៅស្រុកវិញក៏នៅតែមិនសុខព្រះទ័យសោះក្រោយនោះមិនយូរប៉ុន្មាន ស្ដេចក៏ឱ្យព្រះញាអុងលើកទ័ពទៅវាយក្រុងកម្ពុជាម្ដងទៀតតែលើកនេះសៀមក៏បរាជ័យទៅទៀត។ សម្ដេចព្រះវររាជបិតាចាប់បានឈ្លើយសៀមជាច្រើនហើយក៏សៀមនៅតែពុំរាងចាល។ ក្រោយមកទៀត ព្រះចៅចក្រពត្តិលើកទ័ពទៅវាយមហានគរដោយព្រះអង្គឯង សម្ដេចព្រះបរមរាជាជាសម្ដេចព្រះវររាជបិតាលើកទ័ពមកទទួលច្បាំងនឹងសៀម សៀមចាញ់ខូចខាតអស់គ្រឿងសស្ត្រាវុធជាច្រើនណាស់ម្លឹងហើយក៏សៀមនៅតែពុំទាន់រាងចាលទៀតដែរ។ ឥឡូវនេះ យើងជាសម្ដេចព្រះរាជបុត្រានៃព្រះបាទចន្ទរាជា ដែលត្រូវជាព្រះអនុជព្រះចៅធម៌រាជា "ស្ដេចសៀម" លើកយោធាទាហានមកដល់ជើងព្រះរាជវាំងហើយយើងសូមអញ្ជើញស្ដេចព្រះរៀម លើកយោធាទាហានចេញមកធ្វើយុទ្ធនាធិការឱ្យឃើញថ្វីដៃគ្នាម្ដង។
កាលព្រះអង្គកោតខ្លាចហើយ នឹងចងជាព្រះរាជមេត្រីដូចដើមនោះសូមឱ្យប្រគល់ស្រុកបស្ចឹមបុរី១ ស្រុកចន្ទបុរី១ ស្រុកនគររាជសីមា១ មកប្រទេសក្រុងកម្ពុជាធិបតីវិញ។ ខាងលិចស្រុកទាំង ៣ នេះត្រូវទុកជារបស់ក្រុងស្រីអយុធ្យា។ ពីត្រឹមស្រុកធំទាំង ៣ នេះ ទៅខាងកើតត្រូវទុកជារបស់កម្ពុជាតាមព្រំព្រះនគរ ផែនដីព្រះបាទបទុមសូរ្យវង្សដែលចែករំលែកថ្វាយទៅសម្ដេចចៅពញារោងវិញនោះ។ ថាពុំព្រមប្រគល់ឱ្យទេ ថានឹងលើកទ័ពមកកំទេចទ័ពសៀមយកផែនដីសៀមឱ្យបាន ដែលទល់នឹងព្រះនគរហង្សាវតី យកនគរសៀមទាំង ៥ និងនគរលាវដែល សៀមវាយយកបានជាចំណុះនោះទៅជាដែនក្រុងកម្ពុជាតាមព្រំព្រះនគរក្នុងឯនាយដែនដីព្រះអរិដ្ឋពលពាហនោ "ព្រះកេតុមាលា" នោះឱ្យបានដូចដើមវិញ។ ខណៈនោះ ព្រះចៅសម្ដេចព្រះមហាធម៌រាជា "ស្ដេចសៀម" ស្ដេចបានទ្រង់ជ្រាបព្រះរាជសារ នោះហើយទ្រង់នឹងស្ញើចស្ញើបក្នុងព្រះរាជហឫទ័យណាស់។ ទ្រង់ព្រះរាជតំរិះយល់ថា ព្រះបាទបរមិន្ទរាជា អង្គនេះមានថ្វីដៃក្លាហានដូចព្រះចន្ទរាជា ថាព្រះវររាជបិតាដែរ ដែលឈ្នះលាវ សៀមយើងជាច្រើនគ្រាមកហើយ។ ក៏ឯយើងវិញកាលបើយើងពុំទាន់ខូចខាតទាហាន និងគ្រឿងសស្ត្រាវុធ ព្រោះព្រះចៅក្រុងហង្សាវតីទេ នោះយើងនឹងស្ញើបអ្វីនូវថ្វីដៃស្រុកខ្មែរតូច មួយប៉ុណ្ណោះនោះ។ ទ្រង់ព្រះតំរិះយល់ឃើញដូច្នោះហើយ ទើបទ្រង់ត្រាស់ប្រឹក្សានឹងសេនាបតី មន្ត្រីគ្រប់ក្រសួងអំពីកិច្ចការសង្គ្រាមជាបន្ទាន់តាមកាលវេលា។ មន្ត្រីគ្រប់ក្រសួងក្រាបបង្គំទូលថា : ស្រុកយើងសព្វថ្ងៃ កំពុងតែមានទុក្ខធុរៈ ដោយសារព្រះចៅក្រុងហង្សាវតី ទាំងគ្រឿងសស្ត្រាវុធ សេះដំរីទៀតក៏ព្រះចៅក្រុងហង្សាវតី ផាត់កៀរយកទាំងគ្រួសារអស់ជាច្រើនណាស់ទៅហើយ។
ទូលព្រះបង្គំយើងខ្ញុំយល់ថាព្រះករុណា ក៏គួរតែទទួលជាព្រះរាជមេត្រីនឹងប្រទេសកម្ពុជា ហើយថ្វាយស្រុកខាងកើតតាមសេចក្ដីសុំរបស់ប្រទេសកម្ពុជាចុះ ទំរាំយើងសន្សំរេហ៍ពល និង ស្បៀងអាហារ គ្រឿងសស្ត្រាវុធបានបរិបូរណ៍ កាលណាសឹមយើងគិតការតទៅទៀត។ សម្ដេចព្រះមហាធម៌រាជា ស្ដេចទ្រង់បានព្រះសណ្ដាប់មន្ត្រីប្រឹក្សាអំពីរាជការផែនដី ហើយព្រមទាំងត្រូវនឹងព្រះរាជហឫទ័យទៀតផង ស្ដេចក៏មានព្រះរាជឱង្ការត្រាស់ឱ្យចាងហ្វាងអល័ក្ស តែងព្រះសុភអក្សរតបសេចក្ដីទៅវិញ។ លុះបានព្រះសុភអក្សរហើយព្រះចៅសៀមក៏ទ្រង់ត្រាស់ឱ្យពញាមហាមន្ត្រី ព្រះរាជវរានុកូល អញ្ជើញព្រះរាជសារ នោះក្នុងឋានៈជាព្រះរាជទូតទាំងពីរនាក់។ រាជទូតទាំងពីរនាក់ ក៏ថ្វាយបង្គំអញ្ជើញ ព្រះរាជសារនោះទៅជូននាយកងទ័ពខ្មែរ នាយកងទ័ពខ្មែរនាំទៅប្ដឹងសេនាបតី សេនាបតីនាំចូលក្រាបបង្គំទូលថ្វាយព្រះបាទបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង។ ខណៈនោះ ព្រះបាទសម្ដេចព្រះបរមិន្ទរាជា ព្រះអង្គទ្រង់ចេញប្រថាប់ក្នុងព្រះសុវណ្ណពន្លាជួបជុំសេនាបតី មន្ត្រី នាយកង នាយទ័ព ក្រាបបង្គំគាល់ជាយសបរិវារ។ ទ្រង់ត្រាស់ប្រឹក្សាការសង្គ្រាមតាមធម្មតា។ លុះទ្រង់ទតឃើញឧកញ៉ាចក្រីមួយ ឧកញ៉ាក្រឡាហោមមួយ ជាសេនាបតី សំរេចរាជការជើងទឹក ជើងគោកទាំងពីរក្រុម នាំរាជទូតសៀមមកក្រាបបង្គំទូលថ្វាយ ព្រះរាជសារហើយទ្រង់ក៏ត្រាស់ឱ្យប្រែសេចក្ដីនៃព្រះរាជសារដែលមានសេចក្ដីដូច្នេះថា ព្រះរាជសារ សុន្ទរបវររតនមង្គលវិមលវិចិត្រក្រៃនៃសម្ដេចព្រះពុទ្ធចៅ ព្រះមហាធម៌រាជាតិលកលោកា មហាធម្មិករាជា ជាព្រះចៅក្រុងធារាវតី ស្រីអយុធ្យា ក្រុងទេពមហានគរបវររាជធានី ជាសម្ដេចព្រះរៀមរាជាធិរាជចំរើនផ្លូវ ព្រះរាជមេត្រីមកសម្ដេចព្រះរាជឱង្ការព្រះបាទបរមិន្ទរាជា រាមាធិបតី សិរីយសោធរបវរខត្តិយមហានគរ ក្រុងកម្ពុជាធិបតីជាព្រះអនុជាធិរាជ បានទ្រង់ជ្រាប។ ដ្បិតយើងជាសម្ដេចព្រះរៀមបានទទួលព្រះរាជសារ សុន្ទរបវរនៃសម្ដេចព្រះអនុជាធិរាជហើយ យើងមើលដឹងសេចក្ដីគ្រប់ប្រការទៅ ឃើញថា ព្រះអនុជាធិរាជប្រាថ្នាចង់បានស្រុកចន្ទបុរីមួយ ស្រុកនគររាជសីមាមួយ ស្រុកបស្ចឹមបុរីមួយ ឱ្យចូលទៅជាផែនដីក្រុងកម្ពុជា តាមព្រំដែនដែលព្រះបាទបទុមសូរ្យវង្ស ទ្រង់ចែកផែនដីនោះ នោះយើងក៏យល់ព្រមតាមហើយដើម្បីនឹងទុកព្រះនគរទាំងពីរឱ្យសាមគ្គីរួបរួមគ្នាតែមួយឱ្យបានជាព្រះរៀមព្រះអនុជតរៀងទៅ។
ដូច្នេះ បើសម្ដេចព្រះអនុជាធិរាជ ទ្រង់សព្វព្រះរាជហឫទ័យហើយ ក៏សូមឱ្យរំសាយកងទ័ពឱ្យលែងព័ទ្ធចោមព្រះរាជសីមានេះចេញទៅហើយឱ្យចាត់សេនាទាហានទៅសាងព្រះពន្លាធ្វើរោងនៅតំបន់រអាងសិលា។ ខាងយើង យើងក៏នឹងបានឱ្យទាហានទៅធ្វើព្រះពន្លាទុកជាម្ខាងដែរ។ ដល់ថ្ងៃ ១១ កើត ខែផល្គុន ឆ្នាំនេះ យើងនឹងទៅជួបជុំសម្ដេចព្រះរាជសន្យាជាស្ថាពរតរៀងទៅ។ ដូច្នេះ បើសម្ដេចព្រះអនុជាធិរាជ ទ្រង់សព្វព្រះរាជហឫទ័យហើយ ក៏សូមឱ្យរំសាយកងទ័ពឱ្យលែងព័ទ្ធចោមព្រះរាជសីមានេះចេញទៅហើយឱ្យចាត់សេនាទាហានទៅសាងព្រះពន្លាធ្វើរោងនៅតំបន់រអាងសិលា។ ខាងយើងក៏នឹងបាន ឱ្យទាហានទៅធ្វើព្រះពន្លាទុកជាម្ខាងដែរ។ ដល់ថ្ងៃ១១ កើត ខែផល្គុន ឆ្នាំនេះ យើងនឹងទៅជួបជុំសម្ដេចព្រះរាជសន្យាជាស្ថាពរតរៀងទៅ។ ព្រះបាទបរមបពិត្រអម្ចាស់ជីវិតផែនដីខ្មែរ ទ្រង់ព្រះរាជសណ្ដាប់ព្រះរាជសារចប់ហើយទ្រង់សព្វព្រះរាជហឫទ័យណាស់ ទ្រង់ត្រាស់បង្គាប់គ្រប់មុខងារឱ្យថយកងទ័ពចូលមកក្នុងបន្ទាយធំអស់ ហើយទ្រង់ចាត់ឱ្យមន្ត្រីក្រមមេការនាំរេហ៍ពល ១៥០០ នាក់ទៅក្រាលដីតាំងព្រះពន្លាធ្វើរោងនៅតំបន់រអាងសិលានោះ។ ទ្រង់ត្រាស់បង្គាប់នឹងរាជទូតសៀមថា: ឯងទៅទូលម្ចាស់ឯងវិញចុះថា យើងព្រមគ្រប់គ្នាហើយ។ មន្ត្រីរាជទូតសៀមក៏ថ្វាយ បង្គំលាទៅទូលសម្ដេចព្រះពុទ្ធចៅ ព្រះមហាធម៌រាជាគ្រប់ប្រការ។ ព្រះចៅមហាធម៌រាជាគ្រប់ប្រការ។
ព្រះចៅមហាធម៌រាជា ក៏ចាត់មន្ត្រីក្រុមមេការឱ្យទៅធ្វើព្រះពន្លាធ្វើរោងនៅតំបន់រអាងសិលា ដោយពុំអាចនឹងបង្អង់ ឱ្យយឺតយូរបានឡើយ។ លុះដល់ថ្ងៃ ដែលសន្មតហើយ ព្រះចៅក្រុងកម្ពុជាធិបតី និង ព្រះចៅក្រុងស្រីអយុធ្យាជាព្រះមហាក្សត្រទាំងពីរអង្គទ្រង់ត្រាស់បង្គាប់ឱ្យសេនាបតី មន្ត្រីគ្រប់ក្រសួងស្លៀកពាក់តាមពណ៌សំរាប់ឯក ទោ ត្រី ចត្វា ព្រមទាំងគ្រឿងបាំងសែត បាំងសែងព្រះសុរិយា ចាម៉រ បៃមន អភិរម្យ សែនត្វាន់ ក្លស់ក្លំ ទង់ជ័យប្រពៃដោយពណ៌ផ្សេងៗ ព្រះមហាក្សត្រទាំងពីរព្រះអង្គទ្រង់គ្រប់គ្រឿងបញ្ចមហាកកុធភណ្ឌតាមលំដាប់សំរាប់ក្រុងកម្ពុជានិងក្រុងស្យាមប្រទេស។ ទ្រង់ឡើងគង់លើព្រះកញ្ចោងគជេន្ទ្រ លើកយោធាទាំងពីរក្រុមចេញទៅប្រជុំនៅព្រះពន្លាតំបន់រអាងសិលា ជាព្រំព្រះរាជសីមាអំពី បុរាណតាំងពីកាលផែនដីព្រះបាទសុរិយោវង្ស។ ព្រះចៅក្រុងកម្ពុជាធិបតី​ ស្ដេចនិមន្ត សម្ដេចព្រះសុគន្ធាធិបតី សិរីសង្ឃនាយក និង ព្រះរាជាគណៈសំរាប់ឯក ទោ ត្រី ចត្វា ២៨ អង្គទៅគង់នៅព្រះពន្លា។ ព្រះចៅក្រុងស្រីអយុធ្យា និមន្តសម្ដេចព្រះមហាសង្ឃរាជា និងរាជាគណៈសំរាប់ ឯក ទោ ត្រី ចត្វា ២៨ អង្គទៅគន់ក្នុងព្រះពន្លាជ័យជួបជុំសេនាបតី មន្ត្រី សេនាទាហាន ទាំងសងខាងឱ្យធ្វើសត្តសញ្ញាចុះថ្ងៃ ១១ កើត ខែផល្គុន ឆ្នាំកុរ បញ្ចស័ក ពស.២១១៩, គស.១៥៧៥, មស.១៤៩៧, ចស.៩៣៧ មានសេចក្ដីថា: ព្រះមហាក្សត្រ ទាំងពីរនគរបានធ្វើសត្តសញ្ញាចងព្រះរាជមេត្រីនឹងគ្នាថា: បើមានការសង្គ្រាមពីប្រទេសក្រៅក្ដី ក្នុងក្ដី ត្រូវជួយគ្នាឱ្យអស់ពីហឫទ័យទាំងសងខាងហើយសង់ព្រំព្រះរាជសីមានៅ រអាងសិលា ទទឹងទៅទិសខាងត្បូងទល់នឹងមាត់សមុទ្រ កោះចន្ទបុរី ទទឹងពីរអាងសិលាទៅខាងកើតទល់នឹងព្រំស្រុកនគររាជសីមាទៅខាងជើងទល់នឹងដែនលាវ លានឆាង = លានជាងខាងលិចតំបន់ទាំងនេះទុកជាដែនក្រុងស្រីអយុធ្យាខាងកើត តំបន់នេះទុកជាដែនក្រុងកម្ពុជា។ លុះធ្វើខណ្ឌព្រះរាជសីមាបោះគោលថ្ម ជាចារិករួចហើយ ព្រះមហាក្សត្រទាំងពីរ ព្រះអង្គទ្រង់ឱ្យលេងល្បែង មហោស្រព សព្វសារពើ។ លុះចប់ព្រះរាជកិច្ចរាជ សញ្ញានេះហើយ ព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូងដែនក្រុងកម្ពុជាទ្រង់លា ព្រះចៅក្រុងស្រីអយុធ្យា នឹងវិលត្រឡប់មកព្រះនគរវិញ។
ខណៈដែលព្រះចៅក្រុងស្រីអយុធ្យាស្ដេចរៀបព្រះរាជដង្វាយថ្វាយជាអង្ករ ៣០០ ហាប ត្រីងៀត ១០០០ ហាប ត្រីឆ្អើរ ១០០០ ក្រាស ដំរី ២០ សេះ ៥០ និង ស្វេតច្ឆត្រ យ៉ាងស្យាមប្រទេសមួយ ពានព្រះស្រីមាសមួយ ទិកោកមាសមួយ កន្ថោមាសមួយ ដាវស្រោមមាសមួយ។ ព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ព្រះចៅប្រទេសកម្ពុជា ទ្រង់តបព្រះរាជបណ្ណាការទៅព្រះចៅក្រុងស្រីអយុធ្យាវិញគឺ ក្រវាញ ១០ ហាប កុយរមាសពីរក្បាល ព្រះខ័នដងខ្លីមួយ ដាវគ្រឿងមាសមួយ លំពែងគ្រឿងមាសមួយអាវព្រះភូសាយ៉ាងខេមរាប្រទេសពីរ សំពត់ហូល ១០ សំពត់ព្រែសូត្រ ១០ កី។ លុះចប់ព្រះរាជបណ្ណាការហើយ ទើបព្រះអង្គលើកយោធាទាហាន ត្រឡប់មកព្រះនគរបរមមហាស្ថានវិញ ទ្រង់គង់នៅជាសុខក្សេមក្សាន្តរៀងមក។ អរិន្ទរាជសត្រូវគ្រប់ទិសទី ក៏បាក់បបខ្លបខ្លាចព្រះចេស្ដារទាំងអស់។ ខាងស្យាមប្រទេសក៏លែងលើកទ័ពមកធ្វើសឹកទ័ពមកជិតព្រះនគរទៀតដែរ។ ព្រះនគរដ៏ស្បូរណ៍សម្បត្តិក្សេមក្សាន្តបានសេចក្ដីសុខតរៀងមក។
(ព្រះរាជពង្សាវតាររបស់ព្រះរាជបណ្ណាល័យភាគ៣) ក្នុងរឿងដែលសៀមសុខចិត្ត ប្រគល់ខេត្តទាំងប៉ុន្មានដូចបាននិទានមកខាងនេះបើនិយាយតាមសៀវភៅព្រះរាជពង្សាវតាររបស់ព្រះរាជបណ្ណាល័យភាគ៣ ទំព័រ២១៩ លេខ គ.ស.៥៣៣ ថាសៀមមិនមែនចាញ់សង្គ្រាមខ្មែរដែលមានព្រះបរមរាជាដឹកនាំនោះ ហើយថ្វាយខេត្តទាំងនោះមកព្រះអង្គទេ គឺថាការណ៍ដែល សៀមសុខចិត្តថ្វាយ ខេត្តទាំងនោះ នេះដោយហេតុថាសៀមត្រូវធ្វើសង្គ្រាមជាមួយនឹងមន។ ដូច្នេះដើម្បីកុំឱ្យខ្មែរទៅព្រួតវាយខ្លួនពីខាងក្រោយសៀមក៏សុខចិត្តកាត់ដីទាំងប៉ុន្មានខេត្តនេះថ្វាយមកព្រះមហាក្សត្រខ្មែរវិញ។ សេចក្ដីនេះពិតមែន តែពុំសូវសមក៏ដោយចុះខ្ញុំក៏ដាក់ស្រង់មកជូនឯកឧត្តម លោកអ្នកអានជ្រាបទុកជាឯកសារដូចតទៅ។ សេចក្ដីនោះ មានដូចតទៅនេះ "ក្នុងឆ្នាំជូត សប្ដស័កនោះ ស្ដេចសៀមប្រឹក្សានឹងសេនាបតីទាំងពួងថា នគរយើងនិងនគរកម្ពុជាធិបតីនេះ មិនគួរមកកើតវិវាទនឹងគ្នាទេ គួរតែចងផ្លូវព្រះរាជមេត្រីទើបល្អ។ បើមិនចងផ្លូវព្រះរាជមេត្រីទេ ខ្មែរនឹងមិនឈប់លើកមកយាយីយើងទៀតឡើយ ហើយយើងកើតសង្គ្រាមនឹងមនផងបើសិនជាសង្គ្រាមទាំងមុខទាំងក្រោយយ៉ាងនេះយើងកំរនឹងគិតណាស់។ សេនាបតីមន្ត្រីទាំងពួងក៏យល់ព្រមតាមព្រះរាជតំរិះទើបទ្រង់ព្រះរាជបញ្ជាមុខក្រសួង ឱ្យធ្វើព្រះរាជសារនិងបណ្ណាការស្រេច ស្ដេចចាត់ម៉ឺនស្រីភិរម្យជារាជទូត ឃុនព្រះស៊ីមួយ ម៉ឺនរាមណរង្គជាឧបទូតឱ្យអញ្ជើញព្រះរាជសារនិងរាជបណ្ណាការមកក្រុងកម្ពុជាធិបតី។
មន្ត្រីទាំងនោះ ក៏ថ្វាយបង្គំលាអញ្ជើញ ព្រះរាជសារនឹងបណ្ណាការមកដល់ខេត្តគោកខណ្ឌ។ នៅទីនោះ ចៅហ្វាយស្រុកគោកខណ្ឌឃាត់ព្រះរាជទូតទាំង ៣ ទុកហើយប្ដឹងចូលមកសេនាបតី។ សេនាបតី នាំសេចក្ដីក្រាបបង្គំទូលសូមទ្រង់ជ្រាប។ ខណៈនោះស្ដេចឱ្យបើកព្រះរាជទូតមកដល់ក្រុង។ ថ្ងៃ ៥ កើត ខែបឋមាសាធ ឆ្នាំជូត អដ្ឋស័ក ម៉ោង ៩ ព្រឹក ទ្រង់ឱ្យសេនាបតីមុខមន្ត្រីធំតូច តែងខ្លួនពេញយសសក្ដិចូលគាល់ឱ្យហ្លួងទិព្វសេនា "តូច" នាំរាជទូតនិងឧបទូតសៀមចូលគាល់ជាមួយនិងសេនាបតី។ រាជទូតសៀមក៏ថ្វាយព្រះរាជសារ និងបណ្ណាការទ្រង់ទទួលហើយស្ដេចឱ្យព្រះរាជទេពចិន្តា "សោ" សូត្រព្រះរាជសារថ្វាយសេចក្ដីថា : ព្រះរាជសារ ព្រះធម៌រាជា ព្រះចៅក្រុងធារាវតី ស្រីអយុធ្យាជាជេដ្ឋាធិរាជ។ សូមចំរើនផ្លូវព្រះរាជមេត្រីមក សម្ដេចព្រះបរមិន្ទរាជារាមាធិបតីបានទ្រង់ជ្រាប។ ដ្បិតក្រុងធារាវតី ស្រីអយុធ្យា និងក្រុងកម្ពុជាធិបតី តាំងអំពីបុរាណរាជ្យរៀងមកធ្លាប់ជារាជមេត្រីសម្ពន្ធមិត្តជាប់ដិតផែនដីជាមួយគ្នា។ ក៏យើងតាំងពីបានសោយរាជ្យសម្បត្តិជាមហាក្សត្រដ៏ប្រសើរ ជាមោលីទីពឹងនៃសមណជីព្រាហ្មណ៍បណ្ដារាស្ត្រទាំងពួងឥឡូវមកកើតបដិបក្សយ៉ាងនេះខុសនឹងបុរាណរាជប្រវេណី សមណជីព្រាហ្មណ៍ ឯបណ្ដារាស្ត្រកើត សេចក្ដីក្ដៅក្រហាយ ព្រាត់ប្រាសប្រពន្ធ កូនទីលំនៅ គួរយើងទាំងពីរតាំងព្រះទ័យប្រកបដោយខន្តី មេត្តាករុណាញ៉ាំងព្រះពុទ្ធសាសនាឱ្យថ្កើងរុងរឿង សមណៈជីព្រាហ្មណ៍ និងអាណាប្រជានុរាស្ត្រនឹងបានសេចក្ដីសុខផង។ រឿងនេះសូម សម្ដេចព្រះអនុជាធិរាជកាត់បង់មាន : ចេញ ខ្ញុំសូមចងផ្លូវព្រះរាជមេត្រី តាមបុរាណរាជប្រវេណីព្រះនគរទាំងពីរ នឹងបានជាប់សម្ព័ន្ធមិត្តនឹងគ្នាទៅ។
លុះទ្រង់ព្រះសណ្ដាប់សេចក្ដី នៃព្រះរាជសារចប់ហើយ ព្រះបរមនាថបរមបពិត្រអម្ចាស់ជីវិតដែនកម្ពុជា ទ្រង់មានព្រះទ័យទោរទន់ចុះ ដោយព្រះមេត្តាករុណា ទ្រង់មានព្រះរាជតំរាស់នឹងរាជទូតសៀមថា : យើងគាប់ព្រះទ័យនឹងព្រះចៅក្រុងស្រីអយុធ្យា ដែលសូមផ្លូវព្រះរាជមេត្រី ហើយទ្រង់សួរសុខទុក្ខក្នុងព្រះរាជនគរ រួចស្ដេចឱ្យព្រះរាជតេជៈនាំរាជ ទូតសៀមទៅសំណាក់ នៅថែវខាងមុខព្រះបរមរាជវាំង ចាត់ភោជនីយាហារឱ្យបរិភោគ តាមគួរហើយស្ដេចយាងចូលក្នុងវិញ។ លុះដល់វេលារសៀលថ្ងៃនោះ ស្ដេចឱ្យប្រជុំព្រះរាជវង្សានុវង្ស មុខមន្ត្រីទាំងពួងមកគាល់ត្រៀបត្រា ទ្រង់ប្រឹក្សាថា ស្ដេចសៀមជាសត្រូវនឹងយើង ឥឡូវទ្រង់ប្រើរាជទូតឱ្យមកសូមចងផ្លូវព្រះរាជមេត្រីនេះដោយរអាថ្វីដៃយើងមួយដោយកើតសឹកនឹងមនមួយ បើយើងមិនព្រមទទួលដោយផ្លូវព្រះរាជមេត្រីផង មិនល្អ គួរយើងទទួលចុះ ដើម្បីឱ្យបានសេចក្ដីសុខ ដល់សមណៈជីព្រាហ្មណ៍ បណ្ដារាស្ត្រទៅខាងមុខកុំឱ្យចងវេរានឹងគ្នា នោះព្រះរាជវង្សានុវង្ស សេនាបតីមុខមន្ត្រីទាំងពួងក៏យល់ព្រមតាម ព្រះរាជតំរិះ។ ទើបទ្រង់ព្រះរាជបញ្ជាឱ្យឧកញ៉ាប្រាជ្ញាធិបតី "វង" ឱ្យតែងព្រះរាជសារ។ ឧកញ៉ាប្រាជ្ញាធិបតីតែងជាសេចក្ដីព្រះរាជសារថា : ព្រះបាទសម្ដេច ព្រះបរមិន្ទរាជាធិរាជរាមាធិបតី សិរីសុរិយោវង្ស ព្រះចៅក្រុងកម្ពុជាធិបតីខេមរាប្រទេស។ ចំរើនផ្លូវព្រះរាជមេត្រី មកព្រះបាទសម្ដេចព្រះមហាធម៌រាជា ព្រះចៅក្រុងស្រីអយុធ្យាប្រាបដោយបញ្ញាតធិសម្ភារជាទីសរណៈនៃជនស្យាមប្រទេស រាជធានីជាជេដ្ឋាធិរាជ បានជ្រាប។ ដ្បិតព្រះអង្គមានព្រះរាជសារទៅ សូមចងផ្លូវព្រះរាជមេត្រី តាមបុរាណប្រវេណីនោះយើងព្រះចៅក្រុងកម្ពុជាទទួលផ្លូវរាជមេត្រីហើយ។
ឯខេត្តដែនខ្មែរវិញ អនុជបានធ្វើសង្គ្រាមឈ្នះបានខេត្តដែនត្រឹមណា ឱ្យនៅនឹងត្រឹមនោះទៅបើព្រម ត្រូវចាត់ព្រះរាជបំរើទាំងពីរព្រះនគរ ឱ្យមកបោះគោលជ្រួបទឹកស្នោទក ជាចារិកឱ្យអស់កប្បាវសានទៅខាងមុខ កុំឱ្យ ក្រស័ត្រខាងណារំលោភដោយអំណាច រុករានទន្ទ្រានចូលទៅ ចូលមកឱ្យហួសដែនដែលមានគោលជាកំណត់ប្រយោជន៍ និងឱ្យសមណជីព្រាហ្មណ៍បណ្ដារាស្ត្របានសេចក្ដីសុខដោយបុរាណរាជប្រវេណី។ ព្រះនគរទាំងពីរ បើមានសឹកសត្រូវ នឹងលើកចតុរង្គសេនាជួយគ្នាទៅវិញទៅមក តាមព្រះរាជមេត្រី ហើយស្ដេចឱ្យរាជទូត សៀមចូលក្រាបបង្គំគាល់ទ្រង់ប្រោស ព្រះរាជទានរបស់តាមសមគួរ ទ្រង់ចាត់ភ្លុកដំរី ៥ ក្បាល សំពត់ហូលជរ ៣ ជាន់ ៥០ សំពត់ផាមួង ១០ ក្រវាញ ២ ហាប ត្រកោ ៥ ហាប ក្រមួនឃ្មុំ ៥ ហាប ស្បែក ១០ ហាប ជាគ្រឿងរាជបណ្ណាការ តបថ្វាយទៅនឹងរាជបណ្ណាការដែលស្ដេច សៀមថ្វាយមករួចទ្រង់ចាត់ព្រះអភ័យទោសរស១ ព្រះឥន្ទតេជោជ័យ១ ព្រះទ្រង់គជេន្ទ្រសោម១ ហ្លួងស្រីនគរបាលម៉ា១ ហ្លួងឫទ្ធិគេជន្ទ្រកុយ១ ហ្លួងនរេន្ទ្រឫទ្ធិមាស១ ជារាជទូតឱ្យអញ្ជើញ ព្រះរាជសារ និងរាជបណ្ណាការ ទៅជាមួយនិងរាជទូតសៀម។
លុះរាជទូតទៅដល់នោះព្រះចៅក្រុងស្រីអយុធ្យា ទ្រង់ចាត់ព្រះរាជតេជោ ឱ្យចេញមកទទួលនៅប៉ាកណាមនាំរាជទូតខ្មែរឱ្យចូលដល់ក្រុង។ ស្ដេចឱ្យនាំរាជទូតខ្មែរចូលក្រាបបង្គំគាល់រាជទូតក៏ថ្វាយព្រះរាជសារ និងរាជបណ្ណាការទាំងពួង។ ទ្រង់ទតជ្រាបសព្វសេចក្ដីនៃ ព្រះរាជសារហើយទ្រង់ព្រះអំណរណាស់ថា : យើងតាមព្រះអនុជទាំងអស់។ ស្ដេចចាត់មន្ត្រីឱ្យនាំរាជទូតខ្មែរ ទៅនៅក្នុងថែវមុខព្រះបរមរាជវាំងឱ្យលៀងភោជនាហារមិនឱ្យខ្វះខាត។ វេលានោះ មានសំបុត្រចៅហ្វាយស្រុកពិស្ណុលោកប្ដឹងមកថា : មនប្រមូលសេនាទាហាន នឹងលើកមកវាយ ហើយស្ដេចសៀមក៏ប្រញាប់ធ្វើរាជសារតបមកចាត់ព្រះស៊ីសាវរាជ១ ឃុនហ្លួងធម្មាទិស១ ឃុនមង្គលរតនៈ១ ឃុនចន្ទ្រាទិព្វ១ ឃុនធៀនឃរាជ១ ឱ្យអញ្ជើញព្រះរាជសារ និង រាជបណ្ណការតាមគួរ ឱ្យមកជាមួយនឹងរាជទូតខ្មែរលុះដល់ចូលថ្វាយព្រះរាជសារ និងរាជបណ្ណាការ ស្ដេចឱ្យមើលព្រះរាជសារនោះ ថ្វាយសេចក្ដីថា : ដែលព្រះអនុជាធិរាជ ព្រមទទួលផ្លូវព្រះរាជមេត្រី ឱ្យជ្រួចទឹកស្នោទកបោះគោលចារិកដែនព្រះនគរនោះ ខ្ញុំជាជេដ្ឋាមានអំណរណាស់ ហាក់ដូចជាបានវិមានទិព្វវេលានេះសូមព្រះអនុជាធិរាជ ចាត់ព្រះរាជបំរើ និង សមណជីព្រាហ្មណ៍ សេនាបតី មកប្រជុំបោះគោលចារឹកនៅតំបន់ ខេត្តស្រះកែវដោយបុរាណរាជប្រវេណី។ ព្រះបាទសម្ដេច ព្រះបរមិន្ទរាជា ទ្រង់ចាត់សម្ដេចចៅហ្វាទឡ្ហៈ១ ឧកញ៉ាធម្មាតេជោ១ ឧកញ៉ារតនៈ១ ម៉ឺនស្នេហាភិរម្យ១ និង ឃុនម៉ឺនជាច្រើនឈ្មោះ។ ចំណែកខាងសមណៈ សម្ដេចព្រះមហាព្រហ្មមុនីមួយអង្គ ព្រះធម្មមុនីមួយអង្គ ព្រះធម្មឧត្តមមួយអង្គ ព្រះអរិយព្រឹទ្ធាចារ្យមួយអង្គ ព្រះវិនយត្ថេរមួយអង្គ និង ព្រះសង្ឃ ៨ អង្គទៀត។
មន្ត្រីខាងរាជបណ្ឌិត្យ ៤ ខាងហោរា ៤ ខាងព្រាហ្មណ៍បុរោហិត ៤ និង សេនាទាហាន ៥០០ ចេញទៅបោះគោលចារិកជាមួយ និងរាជទូតសៀម : ចំណែកខាងសៀមវិញ ព្រះចៅក្រុងស្រីអយុធ្យា ទ្រង់ចាត់ពញាចក្រី១ ពញាភិមុខមន្ត្រី១ ពញាទេពរណង្គឮជ័យ១ ព្រះពហុលទេព១ និងឃុនម៉ឺនជាច្រើនឈ្មោះ។ ខាងព្រះសង្ឃនោះ សម្ដេចព្រះសង្ឃរាជគាមរាសី១ អរញ្ញវាសី១ ព្រះគ្រូស្ដាំ១ ព្រះគ្រូឆ្វេង១ និងព្រះភិក្ខុសង្ឃ ២០ អង្គ។ ខាងព្រាហ្មណ៍ព្រះមហិន្ទរាជាសុភាវតី១ ព្រះបរមាចារ្យ១ ព្រះទេព្វាចារ្យ១ ព្រះរាជហោរាធិបតី១ និងពួកបុរោហិត ១០ នាក់ សេនាបតី ព្រាហ្មណ៍ គណាចារ្យ ទាំងពីរចំណែកមកជួបជុំជំនុំព្រម នៅស្រះកែវ ចាត់ចែងពិធី ដែលនឹងត្រូវជ្រួចទឹកស្នោទកបោះគោលចារិកនៅទីនោះ។ ពស.២១២១, គស.១៥៧៧, មស.១៤៩៩, ចស.៩៣៩, ឆ្នាំឆ្លូវ នព្វស័ក ថ្ងៃព្រហសប្បតិ៍ ៨ កើត ខែកត្តិក ជាថ្ងៃបានឫក្ស ប្រជុំបោះគោលសីមាចារិកសត្យាធិដ្ឋានក្នុងសិលាបាទ ហើយព្រះភិក្ខុសង្ឃទាំងសងខាង ក៏ជ្រួចទឹកស្នោទកលើគោលសីមាជាបន្ទាល់សាក្សី ដើម្បីឱ្យព្រះរាជមេត្រីសីមាមណ្ឌលទាំងពីរព្រះនគរ ឱ្យស្ថិតស្ថេរចីរកាលដរាបលុះអស់កប្បាវសាន ហើយឱ្យឧបសម្ប័ទជាភិក្ខុ ៦ អង្គនៅទីនោះ។ ខាងលិចបានជាដែនសៀម ខាងកើតបានជាដែនខ្មែរ។ ខ្មែរបានតាំងចៅហ្វាយស្រុកឱ្យរក្សាខេត្តទាំងនោះទើបទីនោះជាប់ហៅថា រអាងសិលាបាទ ដរាបមកដល់បច្ចុប្បន្ននេះ។ តាំងពីពេលនោះមកក្រុងស្រីអយុធ្យា និង ក្រុងកម្ពុជាធិបតីជាមេត្រី នឹងគ្នាតរៀងមក។
លុះដល់មកខែជេស្ឋ ឆ្នាំជូត អដ្ឋស័ក ពស.២១២០, គស.១៥៧៦, មស.១៤៩៨, ចស.៩៣៨ ព្រះបាទសម្ដេចបរមិន្ទរាជាធិរាជ បរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូងស្ដេចសោយរាជ្យបាន ១១ ឆ្នាំ ព្រះជន្មវស្សា ៥៥ ឆ្នាំ ព្រះអង្គទ្រង់ប្រឈួន រោគជាខ្លាំង ទ្រង់សោយព្រះវិលាល័យក្ស័យព្រះជន្មទៅ។ ព្រះរាជបុត្រនិងសម្ដេចព្រះមហាសុគន្ធាសង្ឃរាជា និងរាជាគណៈ សេនាបតីមន្ត្រីធំ-តូច ខ្ញុំព្រះរាជការលើកព្រះបរមសព តំកល់ក្នុងកោដ្ឋហើយ ក៏ជំនុំថ្វាយព្រះរាជាសម្បត្តិទៅព្រះសត្ថាជាព្រះរាជបុត្រច្បង ប្រសូតក្នុងឆ្នាំឆ្លូវ មកដល់ឆ្នាំជូតនេះ ចំរើនព្រះជន្មវស្សាបាន ៣៣ ឆ្នាំឱ្យឡើងសោយរាជ្យស្នងព្រះរាជបិតា។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
(ពង្សាវតារព្រះរាជបណ្ណាល័យ)(អំពីរាជសម្បត្តិ ព្រះជន្មវស្សានៃសម្ដេចព្រះបរមិន្ទរាជានេះ ឃើញខុសៗគ្នាគ្រប់តែសាស្ត្រាយើងខ្ញុំសូមអភ័យទោសពីសំណាក់ លោកអ្នកអាន យើងមិនបានដកស្រង់រឿងខុសគ្នាគ្រប់តែសាស្ត្រានោះ ទេយើងសូមសងចេញតែពីព្រះរាជពង្សាវតារ របស់ព្រះបណ្ណាល័យតែមួយចុះ។ ព្រះរាជពង្សាវតារនោះភាគ ៣ លេខ គ ៥៣-៣ មានសេចក្ដីដូចតទៅនេះ) ព្រះបាទសម្ដេចព្រះបរមិន្ទរាជាធិរាជ ស្ដេចសោយរាជសម្បត្តិបាន ១២ ឆ្នាំ (គស.១៥៧៧) ព្រះជន្ម ៦២ ឆ្នាំ នៅថ្ងៃ ៩ រោច ខែផល្គុន ឆ្នាំខាល សំរឹទ្ធិស័ក ទ្រង់ព្រះអាពាធព្រះវិស្សរោគគឺរោគគ្រុនជាទំងន់នោះសម្ដេចព្រះសុគន្ធាធិបតី និង សម្ដេចចៅហ្វាទឡ្ហៈ សេនាបតី ព្រមទាំងព្រះរាជវង្សានុវង្ស ព្រះរាជគ្រូបុរោហិត ហោរាចារ្យ ចូលរក្សាព្រះរោគក្នុងព្រះបរមរាជវាំងនាម៉ឺនសព្វមុខមន្ត្រីខ្លះប្រចាំការនៅចុងព្រះរាជរោង ព្រះសត្ថាជាព្រះរាជបុត្រច្បង ស្ដេចត្រួតត្រាទាំងក្នុងទាំងក្រៅ ព្រះរោគក៏កាន់តែធ្ងន់ធ្ងរណាស់ ពេទ្យប្រកបព្រះឱសថ្វាយពុំត្រូវ ទ្រង់ព្រះរាជបណ្ដាំឱ្យថ្វាយរាជសម្បត្តិទៅព្រះសត្ថា ជាព្រះរាជបុត្រច្បងឱ្យសោយរាជសម្បត្តិស្នងព្រះអង្គ។ (១៥៧៨) ថ្ងៃ ១ រោច ខែអាសាធ ឆ្នាំថោះ ឯកស័ក វេលាអធ្រាត្រ ស្ដេចសោយព្រះទិវង្គតលើព្រះរាជដំណាក់ អម្រិន្ទវិមានទើបព្រះសត្ថា ព្រមទាំងរាជវង្សានុវង្សសេនាបតី នាម៉ឺនសព្វមុខមន្ត្រីរៀបស្រង់ព្រះបរមសព ថ្វាយសុគន្ធពិដោររួចថ្វាយគ្រឿងទ្រង់ហៅព្រះបរមសពហើយ អញ្ជើញចូលព្រះឋានហែទៅតំកល់ក្នុងព្រះមហាមន្ទីរតាមទំនៀមទ្រង់ចាត់ស្រីឱ្យយុំយាម ប្រគំខ្លងធ្លាក់ រាល់ថ្ងៃរាល់វេលា និមន្តព្រះភិក្ខុសង្ឃ ធ្វើបុណ្យឱ្យទាន ថ្វាយព្រះរាជកុសល រៀងរាល់ថ្ងៃតទៅ។ ទើបសេនាបតីមន្ត្រីទាំងពួងជំនុំព្រមអញ្ជើញព្រះសត្ថាព្រះរាជបុត្រច្បងឱ្យស្ដេចគ្រងរាជសម្បត្តិតាមប្រពៃណី។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ចំបាំងនឹងសៀមលើកទី ៣ គ.ស ១៥៧៤ (ភាគបញ្ចប់) ចំបាំងនឹងសៀមលើកទី ៣ គ.ស ១៥៧៤ (ភាគបញ្ចប់) Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on Monday, November 13, 2023 Rating: 5

No comments:

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

Powered by Blogger.