មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ


មានទទួលផ្សាយពាណិជ្ជកម្ម
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

រាជរបស់​ព្រះបាទ​ ចន្ទរាជា (ចម្បាំងនៅទន្លេមុខបួន) ( តមកពីលេខមុន ភាគ បញ្ចប់)

ផ្សាយថ្ងៃទី ១៨ វិ​ច្ឆិកា ២០២៣

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ក្រោយពេលដែល ស្រីជេដ្ឋា បានលឺតំណឹងថា ក្មួយរបស់ខ្លួន "ចៅពញ្ញាលំពាំង" បានស្លាប់ក្នុងបន្ទាយចតុមុខ ដោយទ័ពព្រះចន្ទរាជា ព្រះអង្គ​ទ្រង់ពិរោធ (ខឹង) ជាខ្លាំងបានផ្ញើចុតហ្មាយទៅមេទ័ពធំរបស់ខ្លួន "ពញ្ញាកៅ" ដែលបោះទ័ពនៅ ភូមិជ័យសួគ៌ ខេត្តកណ្ដាល ឱ្យលើកទ័ពទៅសងសឹកឱ្យខ្លួនជាប្រញាប់ ក្នុងឆ្នាំ ១៥២២ នៃគ.សករាជ កងទ័ព ពញ្ញាកៅ ចំនួន ៣០,០០០ (៣មុឺននាក់) បានឆ្លងទន្លេមកត្រើយខាងលិច ពញ្ញាកៅ បានចែកកងទ័ពជាពីរកង កងទី១ ១៥,០០០ (១មុឺន ៥ពាន់នាក់)​ ជាទ័ពជើងគោក ដឹកនាំដោយ "ពញ្ញា​ស្រាល" និង "ជហ៊្វាវាំង" លើកទៅបង្កប់នៅ បឹងពោងពាយ ខាងជើងភ្នំពេញ ចំណែកឯ ពញ្ញាកៅផ្ទាល់ ដឹកនាំកងទី២ ១៥,០០០ (១មុឺន ៥ពាន់នាក់) ជាមួយនិងទូកចម្បាំង ៦០ គ្រឿង វាយចូលចំណតផែទូក របស់ព្រះចន្ទរាជា​នៅ ជ្រោយពន្លា (បច្ចុប្បន្នជា ជ្រោយចង្វា​រ) (Chroy Changvar) កងទ័ព​ជើងទឹក ពញ្ញាកៅ មានភាពខ្លាំងក្លាណាស់បានដេញវាយទ័ពជើងទឹករបស់ព្រះចន្ទរាជា ដែលដឹកនាំដោយ មេទ័ព "វិបុលរាជ" និង មេទ័ព "ប្រទសរាជ" ទៅដល់តំបន់ព្រែកព្នៅ ទើបមេទ័ពធំរបស់ ព្រះចន្ទរាជា​ នាម "ពញ្ញា​មុឺនពេជ្រ" ដែលតាំងបន្ទាយនៅព្រែកតាទែន បានចេញមកជួយទ័ព "វិបុលរាជ" និង "ប្រទសរាជ" ។​ ពញ្ញាកៅ ឃើញដូច្នេះ ក៏ប្រើល្បិចធ្វើជាចាញ់ដកថយទៅក្រោយវិញដើម្បីឱ្យ "ពញ្ញា​មុឺនពេជ្រ" មកដេញតាមកងទ័ពខ្លួន ។ "ពញ្ញា​ស្រាល" និង "ជហ៊្វាវាំង" ដែលបង្កប់នៅ បឹងពោងពាយ ខាងជើងភ្នំពេញ យល់សេចក្ដីដូចនេះ ក៏លើកទ័ពទៅវាយគាបទ័ព "ពញ្ញា​មុឺនពេជ្រ" ពីក្រោយត្រង់ទន្លេមុខបួន នៅទីបំផុតក៍ធ្វើឃាត ពញ្ញា​មុឺនពេជ្រ បាននៅពេលនោះ (បច្ចុប្បន្នបូជនីដ្ឋាន ពញ្ញាមុឺនពេជ្រ ឬ ហៅតាពេជ្រ នៅជាប់និង បូជនីយ​ដ្ឋាន ព្រះអង្គដង្កើរ មុខព្រះបរមរាជវាំង សព្វថ្ងៃនេះ) ហើយទន្លេមុខបួន ដែលពោពេញទៅដោយការបង្ហូរឈាម ត្រូវបានអ្នកស្រុកទីនោះហៅថា "ទន្លេច្រាបឈាម" ។
ក្រោយពេលដែល "ពញ្ញាកៅ​" ទទួលជ័យជំនះនៅទន្លេមុខបួន ទ័ពរបស់ខ្លួន បានដាច់ស្បៀង និងនឿយហត់ជាច្រើនថ្ងៃផងនោះ បានសំរេចចិត្តទៅបោះបន្ទាយនៅ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានទ័ពសេសសល់ត្រឹមតែ ១០,០០​០ (១មុឺននាក់) ប៉ុណ្ណោះ ។ ចំណែក​ឯខាង ព្រះចន្ទរាជា ដែលទទួលបានដំណឹងពីការមរណៈភាពលោក "ពញ្ញាហ្មឺនពេជ្រ" មានភាពតក់ស្លុត និង ឈឺព្រះទ័យជាខ្លាំង ព្រះអង្គបានថ្វាយមរណៈនាមទៅលោកថា "ចៅពញ្ញាសួគ៌ាលោក" ។ បន្ទាប់មក ព្រះចន្ទរាជា បានប្រកាសរាជសារតែងតាំងលោក "ឧកញ៉ា ឃ្លាំងមឿង" ជាប្រមុខមេទ័ពធំជំនួសវិញ លោកឧកញ៉ា ឃ្លាំងមឿង ល្បីខាងយុត្តិសាស្ត្រសឹកសង្គ្រាម និងការដឹកនាំទ័ព ។ ក្នុងឆ្នាំ ១៥២៣ នៃគ​.សករាជ ព្រះចន្ទរាជា បានចាត់កងទ័ពជាពីរកង កងទី១ ដឹកនាំដោយព្រះអង្គផ្ទាល់ បានយាងចេញជិះទូកចម្បាំងទីនាំង ឈ្មោះ "សារ៉ាយអណ្ដែត" និងទូកចម្បាំង ចំនួន៣០០ គ្រឿងទៀត ទៅប្រមូលផ្ដុំទ័ពនៅខេត្តអាសន្ទុក (បច្ចុប្បន្នជា ខេត្តកំពង់ធំ) ដែលមានចំនួន ៥៥,០០០ (៥មុឺន ៥ពាន់នាក់) រីឯកងទី២ មានចំនួន ៥០,០០០ (៥មុឺននាក់) ទៀតដឹកនាំដោយ "ឧកញ៉ា ឃ្លាំងមឿង" ចេញទៅវាយបន្ទាយទ័ព "ពញ្ញាកៅ​" នៅ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ព្រមគ្នាតែម្ដង ។ ដំណឹងប្រកាសសង្គ្រាម របស់ព្រះចន្ទរាជា បានជ្រាបទៅដល់ ស្រីជេដ្ឋា ទ្រង់បានប្រមូលទ័ពសេសសល់ ៨០,០០០ (៨មុឺននាក់) ចែកចេញជា ប្រាំកងពល កងទី១ ដឹកនាំដោយ "ពញ្ញា​ព្រំវៀង" មានចំនួន ១៥,០០០ (១មុឺន ៥ពាន់នាក់) ជាកងទ័ពជួរមុខ កងទី២ ដឹកនាំដោយ "ពញ្ញា​ពេញ" មានចំនួន ១០,០០​០ (១មុឺននាក់) កងទី៣ ដឹកនាំដោយ "ពញ្ញា​នួន" មានចំនួន ១០,០០​០ (១មុឺននាក់) កងទី៤ ដឹកនាំដោយ "ពញ្ញាទន់" មានចំនួន ១០,០០​០ (១មុឺននាក់) ជាកងទ័ពជួរក្រោយ និងកងទី៥ ដឹកនាំដោយ "ពញ្ញាផាតស្រាល" និង "ពញ្ញាវិបុលរាជ" មានចំនួន ២០,០០០ (២មុឺននាក់) ជាមួយនិងទូកចម្បាំង ៣០០ គ្រឿង ជាកងទ័ពជើងទឹក ចេញទៅការពារបន្ទាយនៅ ស្រុកកំពង់សៀម ដែលជាទីតាំងនៃសមរភូមិកំពង់ចាម ។ រីឯព្រះស្ដេចកនកាន់ទ័ព ហ្លួងដោយផ្ទាល់ ចំនួន ២០,០០០ (២មុឺននាក់) និងចាត់ឱ្យ មេទ័ព​ធំ "ពញ្ញាកៅ" និង "ជហ្វាវាំង" ដឹកនាំទ័ព ចំនួន ២០,០០០ (២មុឺននាក់) បូករួមទាំងទ័ពហ្លួងបាន ចំនួន ៤០,០០០ (៤មុឺននាក់) នៅចាំការពារបន្ទាយ "ស្រឡប់ពិជ័យ" នា ស្រុកត្បូងឃ្មុំ ។ ដូចនេះ​កងទ័ពសរុបដែលការពារបន្ទាយ ស្រុកកំពង់សៀម របស់ព្រះស្រីជេដ្ឋា មានចំនួន ៦៥,០០០ (ជាង ៦មុឺននាក់) នៅទីបំផុតកងទ័ពជាង ១សែននាក់ របស់ព្រះចន្ទរាជា បានវាយបែកបន្ទាយ ស្រុកកំពង់សៀម នៃសមរភូមិកំពង់ចាម ក្នុងឆ្នាំ ១៥២៣ នៃគ.សករាជ ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ក្រោយពេល ​ព្រះចន្ទរាជា និង ព្រះស្រីជេដ្ឋា ធ្វើសង្គ្រាមយ៉ាងធំនៅសមរភូមិ ស្រុកកំពង់សៀម កងទ័ព​ទាំងសងខាង បានខូចខាតសំភារៈសឹកអស់ជាច្រើន ដូចនេះ​ក្នុងឆ្នាំ ១៥២៣ នៃគ.សករាជ ស្ដេចទាំង២ បានចាត់បេសកជន ទាំងសងខាង​ឱ្យទៅបញ្ជារទិញ កាំភ្លើងធំ (Cannons) ពីពួក "ប៉តទុយហ្គេស" (Portuguese) នៅជ្រោយម៉ាឡាកា (Malacca) នាឧបទ្វីប​ម៉ាឡេ (Malay Peninsula) ដែលត្រូវ បាន (Record ទុកដោយប្រវត្តិវិទូ នៅស.វទី១៦) ខាងព្រះចន្ទរាជា បញ្ជារទិញបាន កាំភ្លើងធំ ១០០ (១រយដើម) និងកាំភ្លើងវែងខ្លី ចំនួន ១០០០ (១ពាន់ដើម​) ទុករក្សាក្នុងបន្ទាយ ចំណែកឯ ព្រះស្រីជេដ្ឋា បញ្ជារទិញបាន កាំភ្លើងធំ ១៥០ (១រយហាសិបដើម) និងកាំភ្លើងវែងខ្លី ចំនួន ២០០០ (២ពាន់ដើម​) ទូកសំពៅខាងព្រះស្រីជេដ្ឋា ដែលដឹកកាំភ្លើងធំ ១៥០ដើម និង កាំភ្លើងវែងខ្លី ចំនួន ២០០០ (២ពាន់ដើម​) ត្រូវបានស្ទាក់ចាប់បាន នៅ ស្រុកពាម (ពួកដាយវៀតហៅ៖ ម៉ាងខម) (Đại Việt call: Mán Khảm) មានន័យថា "ពាមខ្មែរ" នា កម្ពុជា​ក្រោម ហើយក្រមការខេត្តបានបញ្ជូនថ្វាយ ព្រះចន្ទរាជា ដូចនេះខាង ព្រះស្រីជេដ្ឋា មិនមានសញ្ញវុធសម្រាប់ផ្គត់ផ្គង់កងទ័ពនោះទេ ។
ក្នុងឆ្នាំ ១៥២៤ នៃគ.សករាជ ព្រះចន្ទរាជា បានលើកទ័ព ១៣៥,០០០ (ជាង១៣មុឺននាក់) ចែកចេញជា បួនកងពល កងពលទី១ ដឹកនាំដោយ "ពញ្ញាភក្ដី" លើកទ័ព ៥០,០០០ (៥មុឺននាក់) លើកទៅស្ទាក់កងទ័ព "ពញ្ញាកំហែង" ដែលជាឪពុកក្មេកព្រះស្រីជេដ្ឋា ដែលកាន់ទ័ពនៅស្រុក សៀមប៉ោយ (បច្ចុប្បន្នជា ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង) ដែលមាន ចំនួន ៤០,០០០ (៤មុឺននាក់) កុំឱ្យលើកមកជួយ ស្រីជេដ្ឋាបាន ។ កងទី២ ដឹកនាំដោយ "ពញ្ញាទេព" លើកទ័ព ចំនួន ៤០,០០០ (៤មុឺននាក់) វាយចូលសមរភូមិ​ទន្លេបិទ ចំពីមុខផ្លូវទៅបន្ទាយ "ស្រឡបដូនតី" កងទី ៣ ដឹកនាំដោយ "ព្រះចន្ទរាជា" ផ្ទាល់ ចំនួន ៤០,០០០ (៤មុឺននាក់) ជាទ័ពជំនួយបោះនៅស្រុកកំពង់សៀម កងទី៤ ដឹកនាំដោយ "ឧកញ៉ាមហាមន្ត្រី" ចំនួន ៥,០០០ (៥ពាន់នាក់) ចេញទៅបង្កប់នៅ ខេត្តព្រៃវែង ។ កងទ័ព "ពញ្ញាទេព" ចំនួន ៤មុឺននាក់ ក៏ប្រទះនិងទ័ព ព្រះស្រីជេដ្ឋា ចំនួន ២០,០០០ (២មុឺននាក់) ដែលបោះបន្ទាយនៅ ទន្លេបិទ​ ទ័ពទាំងពីរ បានច្បាំងគ្នាពេលវេលាព្រឹក រហូតដល់ថ្ងៃរសៀល ទ័ព "ពញ្ញាទេព" ក៏ឡោមព័ទ ទ័ពព្រះស្ដេចកនជាប់ ពេលនោះ ដំណឹងច្បាំងគ្នានៅសរមភូមិទន្លេបិទបានទៅដល់ "ពញ្ញាកៅ" ដែលកំពង់យាមការក្នុងបន្ទាយ ដឹងដំណឹងដូចនេះ "ពញ្ញាកៅ" ប្រញាប់​ដកទ័ព ៥០,០០០ (៥មុឺននាក់) ពីក្នុងបន្ទាយចេញទៅជួយព្រះស្រីជេដ្ឋា យ៉ាងប្រញាប់ ទុកឱ្យ "ជហ៊្វាវាំងជុំ" ដែលមានទ័ព ១០,០០០ (១មុឺននាក់) នៅចាំការពារបន្ទាយស្រឡប់ពិជ័យ ។ កងទ័ព "ពញ្ញាកៅ" បានទៅជួយរំដោះ ព្រះស្រីជេដ្ឋា ទាន់ពេល ដោយកងទ័ព "ពញ្ញាទេព" បិទផ្លូវខាងក្រោយជាប់ ព្រះស្រីជេដ្ឋា និង ពញ្ញាកៅ បានវាយសម្រុកចេញទៅមុខមកដល់ ខេត្តព្រៃវែង ក៏ប្រទះនិងទ័ពបង្កប់ ៥,០០០ (៥ពាន់នាក់) របស់ "ឧកញ៉ាមហាមន្ត្រីបែន" វាយស្ទាក់ពីមុខ ពញ្ញាកៅ​ឃើញដូចនេះ ក៏ឱ្យព្រះស្រីជេដ្ឋា ស្រូតទៅបន្ទាយស្រឡប់ដូនតីមុន ខ្លួននៅចាំច្បាំងការពារជាមួយ "ឧកញ៉ា​បែន" ហើយពញ្ញាកៅ ក៏ចោលលំពែងត្រូវ "ឧកញ៉ា​បែន" ស្លាប់ក្នុងពេលនោះ ទើបកងទ័ពត្រឡប់មកដល់ក្នុងបន្ទាយស្រឡប់ដូនតីវិញ ចំណែកឯ ទ័ពឪពុកក្មេក ព្រះស្រីជេដ្ឋា នាម "ពញ្ញាកំហែង" ត្រូវទ័ព "ពញ្ញាភក្ដី" របស់ចន្ទរាជា វាយធ្វើឃាតបាននៅពេលនោះទៅ ។
ក្នុងឆ្នាំ ១៥២៥ នៃគ.សករាជ ព្រះចន្ទរាជា បានលើកកងទ័ព ចំនួន ១៤០,០០០ (១៤មុឺននាក់) វាយចូលបន្ទាយ "ស្រឡប់ពិជ័យ​" របស់ ព្រះស្រីជេដ្ឋា ដែលមានកងទ័ព​យាមការ ចុងក្រោយក្នុងបន្ទាយតែ ៤០,០០០ (៤មុឺននាក់) ប៉ុនណោះ នៅសមរភូមិ ស្រុកត្បូងឃ្មុំ កងទ័ព ព្រះចន្ទរាជា​ បានឡោមព័ទ្ធ បន្ទាយស្រឡប់ដូនតី អស់វេលា ១៥ ថ្ងៃ ដោយបន្ទាយនេះខ្ពស់ពិបាកនិងវាយចូលពេក ព្រះចន្ទរាជា បានចាត់ពលសេនា ឱ្យប្រកាសរាជសារ ដោយមានពំនោលថា រាល់ជនទាំងឡាយណា ដែលអាចចាប់ ឬ សម្លាប់ស្ដេចកនបាន និង មានប្រាក់រង្វាន់ ហើយលើកយស័ក្តជាចៅហ្វាយស្រុកត្បូងឃ្មុំនេះ ក្រោយពលសេនា ប្រកាសរាជសារនៅមុខបន្ទាយ ស្រីជេដ្ឋា ចប់ ប៉ុន្មានថ្ងៃក្រោយមក ព្រះស្រីជេដ្ឋា ក៏បានសោយទីវង្គត់ ដោយត្រូវប្អូនថ្លៃរបស់ខ្លួន នាម "មន្ត្រី​ដូនកែវ" លួចធ្វើឃាតដោយកាត់ក្បាល បូករួមទាំងពញ្ញាកៅ និងបក្សពួកទាំងអស់នៃមន្ត្រីជំនិតទាំង២៥នាក់ យកទៅថ្វាយ ព្រះចន្ទរាជា ដោយក្ដីអំណរនិងជ័យជំនៈនេះ តាមការសន្យា ទ្រង់បានលើកយ័ស្ដ "មន្ត្រី​ដូនកែវ" ជាពញ្ញាដូនកែវ មានឋានៈជាចៅហ្វាយស្រុកត្បូងឃ្មុំនេះ ចំណែកឯ​ក្បាលព្រះស្ដេចកន និងបក្សពួកទាំង២៥នាក់ ត្រូវបានយកទៅដោតនៅមុខកំពែងបន្ទាយ ស្រឡប់ដូនតីនេះតែម្ដងទុកជាបម្រាម ។
ក្រោយពេល ព្រះចន្ទរាជា ទទួលបានជ័យជំនះលើ ស្រីជេដ្ឋា ទ្រង់បានយាងត្រឡប់មកបន្ទាយមុឺនជ័យ នា ខេត្តពោធិសាត់ វិញ និងបានបង្គាប់ឱ្យសព្វមុខមន្ត្រី សាងសង់បន្ទាយរាជវាំងថ្មី នៅលង្វែក នា ខេត្តកំពង់ឆ្នាំង ក្នុងឆ្នាំច គ.សករាជ ១៥២៦ ដើម្បីគេចចេញពីការគំរាមកំហែងរបស់កងទ័ពសៀម ក្រុមមេការ បានទទួលការសាងសង់រាជវាំង ដោយជីកបុកគ្រឹះ រៀបថ្ម ៦ហត្ថ ស្មើជម្រៅ ៣ម៉ែត្រ ជុំវិញបន្ទាយជា ៣ជ្រុង ហើយលើកដីច្រោះក្ដារ ធ្វើជាបន្ទាយខាងលើនោះតម្កល់ ១៧ហត្ថ ស្មើនិងកម្ពស់ ៨.៥ ម៉ែត្រ កម្រាស់ខាងលិច ១០ហត្ថ ស្មើនិងកម្រាស ៥ម៉ែត្រ ជើងទេរក្រោម ២២ហត្ថ ស្មើនិងកម្រាសជើងទេរ ១១ម៉ែត្រ ជុំវិញទាំង ៣ជ្រុង "ព្រោះជ្រុងទី៤ នោះគឺទន្លេ កំពែងបន្ទាយមាន ៥ជាន់ និងមានទ្វារធំ៨ ទ្វារនីមួយៗ មានសើនមួយ កំពស់ ២២ ហត្ថ ស្មើនិងកម្ពស់១១ម៉ែត្រ សម្រាប់ដាក់កាំភ្លើងធំ ទាំង៨សើន រីឯជ្រុងទាំង៤ មានប៉មកម្ពស់ ២៥ហត្ថ ស្មើនិងកម្ពស់ ១២.៥ម៉ែត្រ សម្រាប់ឆ្មាំយាម និងដាក់កាំភ្លើងធំដូចគ្នា រីឯលើកំពែងបន្ទាយជុំវិញនោះទ្រង់ឱ្យដាក់សុទ្ធតែកាំភ្លើងវែងបាញ់ច្រូងជុំវិញទាំង ៥ជាន់ ។ ខាងមុខកំពែង ជាន់ទី១ ស្ដេចឱ្យធ្វើរោងសម្រាប់ដាក់ទ័ព ដំរី និងទ័ពសេះ ក្នុងកំពែងជាន់ទី១ ដដែរនេះ ដាក់សុទ្ធតែទាហ៊ានកងកាំភ្លើងធំ ។ ខាងកំពែងជាន់ទី២ តាំងថែវ ដាក់សុទ្ធតែទាហ៊ានកងកាំភ្លើងតូច និងធ្វើសាលាជំនុំក្ដី ដាក់សាលាដំបូងខាងឆ្វេង សាលាឧទ្ធរណ៍ខាងស្ដាំ ។ ខាងក្នុងកំពែងទី៣ តាំងថែវដាក់សុទ្ធតែទាហ៊ានកងដាវ កងផ្គាក់ ជាសេនាអាវុធខ្លី ។ ខាងកំពែងជាន់ទី៤ សាងដំណាក់រោងល្ខោន និង ព្រះពន្លាទតល្ខោន ។ នៅខាងក្នុងកំពែងទី៥ សាងដំណាក់ដាក់ព្រះបញ្ចក្សេត្រ គ្រឿងសោយរាជ្យទាំង៥ និង ដំណាក់សំរិទ្ធ សម្រាប់ដាក់ព្រះរាជទ្រព្យ មានវិមានសម្រាន្តភិរម្យ សម្រាប់ក្រុមបារគូ ក្រុមបុរោហិត និងក្រុមមហាត្លិក នៅក្នុងកំពែងជាន់ទី៥ ដដែរ នៅទ្វារយាម តាំងថែវឱ្យកំពូល ៥ មានជហ៊្វាដងក្ដារ សុទ្ធតែលាបម្រ័ក្សណ៍ ជាតិហិង្គុល បិទមាស មានសោភោណភ្លឺផ្លេកពន់ប្រមាណ ហើយធ្វើប្រាង្គមហាប្រាសាទមួយកំពូល៥ ជាប្រាសាទសម្រាប់ព្រះមហាក្សត្រ ទ្រង់ផ្ទំសម្រាក មានសាងព្រះរាជមន្ទីរធំមួយ សម្រាប់ព្រះស្នំក្រមការប្រចាំយាម រាជមន្ទីរមួយទៀតមានកំពូល៣ជាន់ សម្រាប់ព្រះរាជបុត្រី មានសាងព្រះដំណាក់៥ខ្នង សម្រាប់ព្រះស្នំ និង ព្រះដំណាក់៥ខ្នងទៀត សម្រាប់ពួកអ្នកម្នាង រីឯព្រះដំណាក់២ខ្នងទៀត សម្រាប់អ្នកអង្គម្ចាស់ ហើយខាងក្រោយកំពែងនោះ ឱ្យតាំងឃ្លាំងស្រូវអង្ករ និងឃ្លាំងអំបិល ត្រីសាច់ ១៥ខ្នង ខាងត្បូងនិងខាងជើងកំពែងនោះ តាំងឃ្លាំងគ្រាប់រំសេវ១០ខ្នង ខាកើតព្រះរាជវាំង ឱ្យតាំង ឃ្លាំងសម្រាប់ដាក់ ព្រួញស្នារ ទុកការពារផ្នែកខាងក្រោយ ។ នៅគ្រប់ដំណាក់មានជីកស្រះស្រង់រងថ្លា សួនច្បារផ្កា ដំណាំ ក្រអូប ល្វឹងល្វើយ ល្អជាអនេក ប្លែកត្រកាលក្នុងព្រះរាជវាំង ដែលបានសាងសង់រួចក្នុងរយៈពេល ២ឆ្នាំ ត្រូវបញ្ចប់ក្នុង គ.ស ១៥២៨ ។ បន្ទាយព្រះរាជវាំងថ្មីសាងបញ្ចប់រួចរាល់ហើយ ព្រះចន្ទរាជា ត្រាសបង្គាប់ឱ្យរើបន្ទាយចេញពី ពោធិ៍សាត់ មកតាំងនៅរាជធានីលង្វែក និងបង្គាប់ឱ្យដាំដើមឬស្សីព័ទ្ធជុំវិញបន្ទាយកម្រាស ២សិន ដោយស្មើនិងកម្រាស ៨០ម៉ែត្រ ដើម្បីការពារបន្ទាយ ហើយព្រះអង្គឡើងប្រកាសជាស្ដេចផែនដីលើកទី២ រាជសម័យលង្វែក នៃអាណាចក្រលង្វែក ក្នុងឆ្នាំ ១៥៣៩ នៃគ.សករាជ ដែលទ្រង់មានព្រះនាមក្នុងរាជថា "ព្រះរាជឱង្ការ ព្រះបរមរាជា ចន្ទរាជា" ។
ព.សករាជ ២០៧៤, គ.សករាជ ១៥៣០, ម.សករាជ ១៤៥៣, ចុ.សករាជ ៨៩៧ ត្រូវនិងឆ្នាំឆ្នាំកុរ ឯកស័ក ក្រោយសៀមបានបញ្ចប់ជម្លោះរាជវង្ស ស្ដេចសៀមគ្រងរាជ្យថ្មីព្រះនាម ព្រះចៅចក្រព័ត រាជាធិរាជ ឬ ហៅតាមសំនៀងសៀមថា "ចក្រាផាត់" (Chakkraphat) បានចាត់បេសកជន ៣នាក់ ជាតំណាងទូត ឱ្យមកទារសួយសារអាករ ព្រះដង្វាយពី ព្រះចន្ទរាជា នាពេលនោះ ។ ព្រះចន្ទរាជា បានបញ្ជារឱ្យក្រមការរាជវាំង ទទួលបេសកជន នគរសៀម នៅខាងក្រៅរាជវាំង ព្រះអង្គបានមានបន្ទូលឆ្លើយតបថា នគរកម្ពុជានាពេលនេះលែងចំណុះ ឱ្យនគរសៀមទៀតហើយ មិនមានការថ្វាយសួយសារអាករ និង ព្រះដង្វាយ ថ្វាយទៅកាន់ព្រះរាជាសៀមទៀតនោះទេ បើព្រះរាជាសៀមមិនសុខចិត្ត អាចមកសាកកម្លាំងនិង នគរយើងបាន ខ្លឹមសារ ឆ្លងឆ្លើយនៃទំនាក់ទំនងនគរទាំងពីរ បានកាត់ផ្ដាច់នៅចំណងការទូតទាំងស្រុង ក្រោយពេល ព្រះរាជាខ្មែរ បានដឹងតំណឹងថា កងទ័ពសៀម ជាប់ដៃធ្វើសង្គ្រាមជាមួយ នគរភូមា (បច្ចុប្បន្ន ប្រទេសមីយ៉ាន់ម៉ា) ដែលបានបើកការវាយលុកទៅនគរសៀម ជាបន្តបន្ទាប់ ។
ព.សករាជ ២០៨៤, គ.សករាជ ១៥៤០, ម.សករាជ ១៤៦៣, ចុ.សករាជ ៩០៧ ត្រូវនិងឆ្នាំជូតទោស័ក សៀមបានលើកទ័ព ៥០,០០០ (៥មុឺននាក់) កាត់តាម នគររាជសីម៉ា មកដល់ព្រំប្រទល់ខេត្ត មហានគរ (បច្ចុប្បន្នជាខេត្ត សៀមរាប) ទ័ពសៀម ចែកចេញជា ៣កងពល កងពលទី១ ជាទ័ពដំរី កងពលទី២ ជាទ័ពសេះ កងពលទី៣ ជាទ័ពថ្មើជើង ទ័ពទាំង៣កង បានវាយសម្រុកចូលតំបន់អង្គរ ពេលនោះ ព្រះចន្ទរាជា បានលើកទ័ពលង្វែកទៅដោយផ្ទាល់ មានចំនួន ៥០,០០០ (៥មុឺននាក់) បូករួមនិង ទ័ពនៅមហានគរ មានចំនួន ២០,០០០ (២មុឺននាក់) សរុបទាំងអស់មានចំនួន ៧០,០០០ (៧មុឺននាក់) បានវាយបកត្រឡប់យ៉ាងខ្លាំងក្លាទៅកាន់កងទ័ពសៀម នៅត្រង់សមរភូមិស្ទឹងអង្គរ ហើយទីបំផុត កងទ័ពសៀមបានបរាជ័យ ដោយការបាក់ទ័ពរាបទាបអស់ ក្នុងជ័យជំនះដ៏អស្ចារ្យនេះ ព្រះចន្ទរាជា បានផ្លាសប្ដូរឈ្មោះខេត្ត មហានគរ ទៅជាឈ្មោះ ខេត្តសៀមរាប មកដល់ពេល បច្ចុប្បន្ននេះ ហើយក៏ជាជ័យជំនះទី១ របស់ព្រះចន្ទរាជាផងដែរ ដែលធ្វើសង្គ្រាមឈ្នះពួកសៀម ។
មរណភាពលោក ឧកញ៉ា ឃ្លាំងមឿង
ព.សករាជ ២០៩៨, គ.សករាជ ១៥៥៥, ម.សករាជ ១៤៧៧, សៀមបានលើកទ័ព ចំនួន ១៤០,០០០ (១៤មុឺននាក់) ចូលមកឈ្លានពានទឹកដីកម្ពុជា ជាលើកទី២ កងទ័ពសៀមបានបែងចែកជាពីរកងពល កងពលទី១ មានចំនួន ៩០,០០០ (៩មុឺននាក់) ដឹកនាំដោយ ពញ្ញាអង្គ ជាបុត្រ ស្រីរាជា និង ត្រូវជាបុត្រធម៌ស្ដេចសៀម ដែលស្ដេចសៀមបានសន្យាថា បើពញ្ញាអង្គ ឈ្នះក្នុងសង្គ្រាមនេះ ទ្រង់និងដាក់ ឱ្យ ពញ្ញាអង្គ បានសោយរាជ្យ នៅនគរខ្មែរ តែម្ដង ។ ទ័ពសៀមបានចូលមកឈ្លានពានយក ខេត្តបាត់ដំបង និង បង្ហួសវាយយក ខេត្ត ពោធិ៍សាត់ កងពលទី២ មានចំនួន ៥០,០០០ (៥មុឺននាក់) ជាកងទ័ពជើងទឹក ដឹកនាំដោយ ពញ្ញាវាំងសាន វាយចូល ខេត្តកំពត ។ ព្រះចន្ទរាជា ទ្រង់ជ្រាបហើយត្រាស់បង្គាប់ឱ្យ ឧកញ៉ា ក្រឡាហោមកែវ កេណ្ឌរេហ៍ពល នាខេត្តបាសាក់ ព្រះត្រពាំង ក្រមួនស និងបាទី បន្ទាយមាស បានចំនួន ៦០,០០០ (៦មុឺននាក់) ទៅច្បាំងតទល់ជាមួយទ័ពសៀមនៅសមរភូមិខេត្តកំពត ។
គ.សករាជ ១៥៥៥ កងទ័ពសៀមចំនួន ៩០,០០០ (៩មុឺននាក់) បានវាយចូល ខេត្តពោធិ៍សាត់ ខណៈ ដែលលោក ឧកញ៉ា ឃ្លាំងមឿង ដឹកនាំទ័ពចំនួន ៤០,០០០ (៤មុឺននាក់) ទៅច្បាំងតទល់ជាមួយនិងទ័ពសៀម អស់ពេលជាច្រើនយាម ដោយចំនួនកងទ័ព និង គ្រឿងសឹកចម្បាំងរបស់សៀម ច្រើនជាងភាគីខាងលោក ឧកញ៉ា ឃ្លាំងមឿង ពេកណាស់ បើច្បាំងបន្តទៀត កងទ័ពខ្មែរ និងស្លាប់គ្មានសល់ ដូចនេះ លោកមឿង ក៏សម្រេចចិត្តដកកងទ័ពថយ ទៅក្នុងបន្ទាយមុឺនជ័យវិញ រីឯកងទ័ពស្លាប់អស់ប្រមាណ ២០,០០០ (២មុឺននាក់) ដូចនេះកងទ័ពក្នុងបន្ទាយនៅសល់តែ ២០,០០០ (២មុឺននាក់) ប៉ុនណោះ កំពុងតែដាច់ស្បៀងនិងត្រូវបានកងទ័ពសៀមឡោមព័ទ្ធ ចំណែកឯកងទ័ពជំនួយរបស់ ព្រះចន្ទរាជា ២ថ្ងៃទៀតទើបមកដល់ ខេត្តពោធិ៍សាត់ ។ ឧកញ៉ា ឃ្លាំងមឿង បានមើលមកកងទ័ពរបស់ខ្លួន ឃើញទឹកមុខបាក់ស្បាតរបស់កងទ័ព បានគិតយ៉ាងល្អិតល្អន់អំពីក្បួនសឹកនេះ បើសង្គ្រាមលើកនេះសៀមឈ្នះ ហើយយកបានតំបន់ ពោធិ៍សាត់នេះ សៀមនិង គម្រាមកំហែង ដល់អាណាចក្រលង្វែក ដូចនេះលោកផ្ទាល់និងពលីកម្ម ក្នុងសង្គ្រាមនេះ ។ លោកមឿង បានរៀបចំគម្រោងការមួយ ដោយឱ្យទាហ៊ានជំនិតៗ របស់លោក ដកកូនទាហាន ៤,០០០ (៤ពាន់នាក់) ចេញពីជួរទ័ព រួចឱ្យទៅបង្កប់ខ្លួនក្នុងព្រៃ ជិតជំរំុស្បៀងកងទ័ពសៀម រួចលោកឱ្យទាហ៊ានសេះសល់ ប្រមាណជា ១៦,០០០ (ជាង១មុឺននាក់) ចាកចេញពីជំរុំទ័ព ត្រៀមជាមួយកាំភ្លើងធំ និង ព្រួញភ្លើង បង្កប់នៅក្រៅជំរុំ បន្ទាប់មកលោកឱ្យរៀបចំ មនុស្សចំបើងដែលជាទីងមោង ពាក់នៅសំលៀកបំពាក់កងទ័ពវិញ ហើយដាក់ទីងមោង ដែលស្លៀកពាក់ទាហ៊ានទាំងអស់នោះ ទៅក្នុងបន្ទាយវិញ ។ ដើម្បីពន្យាពេលកងទ័ពសៀម ពីការវាយលុកចូលជំរុំកងទ័ព នាពេលថ្ងៃរសៀលនេះ លោកមឿង បានប្រើល្បិចមួយ គឺពិធីពលីជីវិត ដើម្បីទៅកេណ្ឌទ័ពខ្មោច នៅពេលយប់ ដើម្បីឱ្យល្បិចនេះក្លាយជាការពិតទៅបាន និង ដើម្បីឱ្យពួកសៀមជឿផងដែរនោះ មានតែការសម្លាប់ខ្លួនរបស់លោកទេ ទើបល្បិចនេះអាចពិត និង ជាក់ស្ដែង ។ ដោយលោកមឿង បានចាត់កូនទាហានឱ្យជីករណ្ដៅធំមួយ ជំរៅ ៨ ហត្ថ ៤ ជ្រុង ដោយស្មើនិង ៤ម៉ែត្រ ៤ជ្រុង ដាក់នៅចម្រូងលំពែង រួចឱ្យធ្វើរានទេវតា ៧ ថ្នាក់ដាក់បាយសី ទឹកអប់ និង គ្រឿងបូជា ហើយឱ្យធ្វើរាជព័ទ្ធ របងជុំវិញ និង លេងភ្លេងថ្វាយទាំង៨ទិស ហើយលោក បាននាំគ្រួសាររបស់លោក ស្លៀកសម្លៀកបំពាក់ពណ៌ស ដោយពោលថា ខ្លួននិងសម្លាប់ខ្លួន ដើម្បីកេណ្ឌទ័ពខ្មោចឱ្យមកជួយក្នុងរយៈពេល ៧យាមទៀត ហើយប្រាប់ ឱ្យកងទ័ពខ្មែរទាំងអស់ត្រូវច្បាំងស្លាប់រស់ជាមួយកងទ័ពសៀម ពេលដែលលោកនិងគ្រួសារលោតសម្លាប់ខ្លួនរួច ។
ចំណែកឯកងទ័ពសៀមត្រូវលើកទ័ពមកច្បាំងនូវរសៀលនេះ តែដោយសារ តែលោក ឧកញ៉ា ឃ្លាំងមឿង ធ្វើពិធីកេណ្ឌទ័ពខ្មោចឱ្យមកជួយក្នុងយប់នេះ ទើបភាគីទ័ពសៀម បានរងចាំដល់វេលាយប់ ទើបនាំទ័ពវាយសម្រុកចូលមក ព្រោះពួកសៀមមិនជឿថាមានកងទ័ពខ្មោចមកជួយនោះទេ ហើយពួកសៀមមិនបានដឹងថានេះជាការពន្យាពេលរបស់លោកមឿងនោះទេ ។ នៅវេលាយប់បានមកដល់ សៀមបានលើកទ័ពចូលជំរំុកងទ័ពលោកមឿង តែមិនមានកងទ័ពខ្មែរនោះទេ មានតែមនុស្សចំបើងដែលបន្លំស្លៀកពាក់ជាកងទ័ព យល់សេចក្ដីដូចនេះ មេទ័ពរងខ្មែរ ឧកញ៉ាចក្រីសុខ បញ្ជារឱ្យបាញ់ព្រួញភ្លើង និង កាំភ្លើងធំ ពីក្រៅជំរុំ ដុតសម្លាប់កងទ័ពសៀម ឆេះស្លាប់អស់ជាច្រើន ច្បាំងគ្នារហូតដល់យប់អាធ្រាត កងទ័ពខ្មែរដែលបង្កប់ក្នុងព្រៃ ចំនួន ៤,០០០ នាក់ ចូលទៅវាយដុតជុំរំស្បៀងកងទ័ពសៀម ភ្លើងឆាបឆេះទាំងមុខទាំងក្រោយ កងទ័ពសៀម ស្មានតែភាគីខ្មែរមានទ័ពជំនួយក៏ចាប់ផ្ដើមជ្រួច្របល់បែកទ័ព ឧកញ៉ាចក្រីសុខ ក៏ប្រកាសឱ្យកងទ័ពទាំងអស់កាប់សម្លាប់កងទ័ពសៀមដល់ អូរស្វាយដូនកែវ ខេត្តបាត់ដំបង ហើយកងទ័ពសៀមក៏បានបោះជុំរំនៅទីនោះ ២ថ្ងៃបន្ទាប់ពី កងទ័ព ២០០,០០០ (២សែននាក់) បូករួមទាំង ដំរីសឹក ៥០០ និង សេះចម្បាំង ៥,០០០ ដែលដឹកនាំដោយ ព្រះចន្ទរាជា ផ្ទាល់បានមកដល់ ខេត្តពោធិ៍សាត់ ដើម្បីត្រៀមធ្វើសង្គ្រាមបណ្ដេញកងទ័ពសៀម ។
សូមជំរាបជូនលោកអ្នកនាងជ្រាបថា គេហទំព័ត៌ www.erc-news.blogspot.com ត្រូវបានភ្ជាប់ជាមួយនឹងគេហទំព័រផ្លូវការ របស់កាសែតឯករាជ្យជាតិគឺ៖ www.kaset-ekreachcheat.com លោកអ្នកអាចអានបានទាំងពីរ.....
ក្នុង គ.សករាជ ១៥៥៥ ដដែល កងទ័ព ២០០,០០០ (២សែននាក់) របស់ ព្រះចន្ទរាជា បានវាយសម្រុកទៅកាន់កងទ័ពសៀមនៅសមរភូមិ បាត់ដំបង ដំរីចម្បាំងរបស់ ព្រះចន្ទរាជា បានទៅប្រជល់ និង ដំរីចម្បាំងរបស់ ពញ្ញាអង្គ ហើយព្រះចន្ទរាជា បានកាប់ ពញ្ញាអង្គ ចំស្មាពីចំហៀង ដោយសែងដាវដងវែង ហើយកាប់ទម្លាក់ធ្លាក់ស្លាប់ពីលើខ្នងដំរី បរាជ័យកងទ័ពសៀម សមរភូមិបាត់ដំបង កងទ័ពលង្វែក បានរឹបអូសយក ដំរីសឹក ៩០ក្បាល បានសេះ ៤៥០ក្បាល បានដាវកាំភ្លើង គ្រឿងសស្ត្រាវុធ រទេះគោ រទេះចម្បាំងជាច្រើន ហើយចាប់បានកងទ័ពសៀមជាឈ្លើយសឹកប្រមាណ ១០,០០០ (១មុឺននាក់) កងទ័ពសៀមសរុប ១៤០,០០០ (១៤មុឺននាក់) ដែលលើកមកឈ្លានពានអាណាចក្រលង្វែក ទាំងជើងគោក និង ជើងទឹក បានបាត់បង់អស់ ៩០,០០០ (៩មុឺននាក់) ហើយសៀមសល់កងទ័ព ប្រមាណជា ៥០,០០០ (៥មុឺននាក់) ប៉ុនណោះបានដកទ័ពទៅដល់ អាងសិលា នាព្រំប្រទល់ខ្មែរសៀម បរាជ័យដ៏ធ្ងន់ធ្ងរនេះ កងទ័ពសៀមមិនបានលើកមកឈ្លានពានកម្ពុជាទៀតនោះទេ ផ្ទុយទៅវិញ វាជាពេលវេលា ដែលកងទ័ពលង្វែក បានវាតទីដណ្ដើមទឹកដីខ្លួនមកវិញ ហើយវាយយកបាន បណ្ដារស្រុកទាំង ១៣ ពីសៀមផងដែរ ជ័យជំនះដ៏ធំធេងនេះ ប្រជានុរាស្ត្រ បានដាក់រហ័សនាមទ្រង់ថា៖ ស្ដេចនៃសឹកសង្គ្រាម ។
គ.សករាជ ១៥៤០ ចម្បាំងអង្គរ
គ.សករាជ ១៥៥៥ សៀមឈ្លានពាន បាត់ដំបង និង ពោធិ៍សាត់ សៀមប្រើទ័ពសរុប ១៤មុឺននាក់ ច្បាំងនិង ទ័ពលង្វែក ២០មុឺននាក់
គ.សករាជ ១៥៥៦ - ១៥៥៩ - ១៥៦២ ១៥៦៣ - ១៥៦៤ ចន្ទរាជា ដឹកនាំទ័ពលង្វែក ឈ្លានពាន អាណាចក្រអាយុធ្យា យកបានបណ្ដារស្រុកភាគខាងលិច ទាំង ១៣ ត្រឡប់មកវិញ ហើយជាឆ្នាំរវាងកងទ័ព កម្ពុជា និង ភូមា លើកទ័ពច្បាំងគៀបប្រទេសសៀមផងដែរ ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
រាជរបស់​ព្រះបាទ​ ចន្ទរាជា (ចម្បាំងនៅទន្លេមុខបួន) ( តមកពីលេខមុន ភាគ បញ្ចប់) រាជរបស់​ព្រះបាទ​ ចន្ទរាជា (ចម្បាំងនៅទន្លេមុខបួន) ( តមកពីលេខមុន ភាគ បញ្ចប់) Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on Friday, November 17, 2023 Rating: 5

No comments:

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

Powered by Blogger.