មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ


មានទទួលផ្សាយពាណិជ្ជកម្ម
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

អរិយធម៌ខ្មែរនៅសម័យ ចតុមុខ-លង្វែក

ផ្សាយថ្ងៃទី ១៧ វិច្ឆិកា ២០២៣

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
តាមទស្សនៈថ្មី គេបានចាត់ទុកថា អរិយធម៌ ជាធម៌សំយោគរវាង វប្បធម៌ និងសង្គមធម៌ ហើយពុំមែនជាកម្រងព្រឹត្តិការណ៍នយោបាយ ដែលបានកើតឡើងជាបន្តបន្ទាប់គ្នាហូរហែតែប៉ុណ្ណោះទេ ។ យើងយល់ថាទស្សនៈនេះមានលក្ខណៈសមរម្យណាស់ ហើយយើងចង់យកមកអនុវត្តក្នុងកិច្ចការរបស់យើងនេះដែរ ដើម្បីបង្ហាញអោយអ្នកអានឃើញភាពនៃសង្គមខ្មែរយើងក្នុងសម័យកាលនីមួយៗ ។ ប៉ុន្តែក្នុងការធ្វើអោយសម្រេចបំណងរបស់យើងខាងលើនេះ យើងត្រូវជួបប្រទះនឹងឧបសគ្គជាច្រើន ។ យ៉ាងណាមិញ ឯកសារដែលយើងប្រើប្រាស់សម្រាប់ចងក្រងអរិយធម៌ខ្មែរសម័យក្រោយអង្គរនេះ ច្រើនតែជា រាជពង្សាវតារ ។ ដូចមិត្តអ្នកអានបានជ្រាបស្រាប់ហើយថា រាជពង្សាវតារ ជាឯកសារអធិប្បាយអំពីដំណើរប្រែប្រួលរបស់ស្ដេចផែនដី ម្ល៉ោះហើយពត៌មានដែលយើងអាចស្រង់ចេញពីឯកសារប្រភេទនេះ ច្រើនតែសង្កត់ទៅលើរឿងរ៉ាវដែលទាក់ទងនឹងព្រះមហាក្សត្រ រាជវង្សានុវង្ស នាម៉ឺន ចម្បាំង ចំណែកឯព័ត៌មានដែលទាក់ទងនឹងជីវភាពប្រជារាស្ត្រ ការរស់នៅ និងមែកធាងឯទៀតនៃវប្បធម៌និងសង្គមធម៌ មានតិចតួចស្ដួចស្ដើងណាស់ ។ តាមការសង្កេត សៀវភៅប្រវត្តិសាស្ត្រជាភាសាជាតិក្ដី ជាភាសាបរទេសក្ដី ដែលបានចងក្រងរួចមកហើយរហូតដល់ពេលនេះក៏ពុំអាចទៅដល់គោលដៅខាងលើនេះដែរ ។ ចំពោះយើងវិញ យើងពុំហ៊ានអះអាងថានឹងទៅដល់គោលដៅទាំងស្រុងនោះដែរ តែទោះបីមានកង្វះឯកសារយ៉ាងណាក៏ដោយក៏យើងនឹងខិតខំសាកល្បងដោយប្រើឯកសារដែលមានរួចមកហើយ ផ្សំជាមួយនឹងឯកសារបរទេសខ្លះ ដើម្បីធ្វើអោយសង្គមខ្មែរក្នុងអតីតកាលលេចរូបរាងឡើង​ចំពោះមុខអ្នកអានតាមលទ្ធភាពដែលយើងអាចធ្វើបាន ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ទោះបីជាលទ្ធិទេវរាជត្រូវខ្មែរបោះបង់ចោលជាស្ថាពរតាំងពីបដិវត្តន៍ នាយត្រសក់ផ្អែមមកម៉្លេះក៏ដោយ ក៏ព្រះមហាក្សត្រនៅមានលក្ខណៈពិសិដ្ឋពុំមានជនណាល្មើសបានឡើយ ហើយដែលគេនិយមហៅថា ព្រះសម្មតិទេព គឺថាជាជនខ្ពង់ខ្ពស់ផុតគេឬក៏ជា ទេវតា ដោយសន្មតក្នុងចំណោមមនុស្ស ជាអាណាប្រជានុរាស្ត្ររបស់ព្រះអង្គ ។ លក្ខណៈពិសិដ្ឋរបស់ព្រះមហាក្សត្រខាងលើនេះ គឺបានមកពីពិធី រាជាភិសេក អោយឡើងសោយរាជ្យសម្បត្តិ (manger la royaute) ។ ពាក្យ សោយ នេះខ្មែរពីបុរាណលោកបានប្រើជាហូរហែររៀងមក មានភស្តុតាងក្នុងសិលាចារឹកជាដើម តែលោកសរសេរថា ស្វេយ ទៅវិញ (ស្វេយវ្រៈ ធម៌្មរាជ្យ សិលាចារឹកប្រាសាទ លុះគ.ស.១០៤៩) ។ គួរគប្បីជ្រាបថាក្សត្រអង្គណាដែលមិនទាន់បានអភិសេក ហើយគ្រាន់តែបានទទួលរាជសម្បត្តិគ្រប់គ្រងអាណាប្រជានុរាស្ត្រជាបណ្ដោះអាសន្នសិននោះ តាមក្បួនលោកអោយហៅថា គ្រងរាជសម្បត្តិ ដូចជាករណីរបស់ ព្រះបរមរាជាទី២ ចៅពញាយ៉ាត កាលដែលវាយរំដោះបានរាជធានីអង្គរពីកណ្ដាប់ដៃនៃទ័ពសៀម និងព្រះចន្ទរាជា កាលដែលមិនទាន់ច្បាំងឈ្នះស្ដេចកន ជាស្ថាពរនៅឡើយ ។ ម្យ៉ាងទៀត ប្រសិនបើអភិសេកក្នុងពេលធ្វើសង្គ្រាមលោកអោយហៅថា សង្គ្រាមាភិសេក ហើយប្រសិនបើអភិសេកក្រោយ​ដែលបានបង្ក្រាបខ្មាំងសត្រូវអោយរាបទាបលោកអោយហៅថា ប្រាប្តាភិសេក ទៅវិញ ។ ត្រង់នេះ គួរគប្បីជ្រាបថាក្សត្រ​ដែលអាចអភិសេកឡើងសោយរាជ្យពេញលក្ខណៈជាព្រះមហាក្សត្របានលុះណាតែមាន គ្រឿងសម្រាប់រាជ្យ គឺ ព្រះខាន់១ ព្រះលំពែងជ័យ១ និង គ្រឿងព្រះបញ្ចក្សេត្រ ។ ប៉ុន្តែបើតាមឯកសារខ្មែរខ្លះ គេបញ្ចូលព្រះខាន់រាជ្យរឺព្រះខាន់ជ័យ នេះទៅក្នុងចំណោមគ្រឿងបញ្ចក្សេត្រ វិញដែលគេហៅថា បញ្ចកកុធភ័ណ្ឌ ឬ រាជកកុធភ័ណ្ឌ គឺ៖
ព្រះមកុដ
ព្រះវាលវីជនី (ផ្លិតធ្វើដោយរោមសត្វពណ៌ស)
ព្រះខាន់
ស្វេតច្ឆត្រ
ព្រះសុវណ្ណបាទុកា (ស្បែកជើងមាស)
ប្រភពដែលបាននិយាយទៀតថា: " កាលនឹងស្ដេចចេញទៅធ្វើរាជសង្គ្រាមក៏ត្រូវយក ព្រះខាន់ជាប់នឹងព្រះអង្គទៅផងជាដរាប តែមិនមែនយកទៅប្រើកាប់សម្លាប់ផ្ដេសផ្ដាសដូចអាវុធឯទៀតទេ លុះតែកាលណាសត្រូវដែលអង់អាចចូលមកដល់ព្រះអង្គ ដែលត្រូវប្រើអាវុធខ្លីប្រហារនោះ ទោះនឹងយកព្រះខាន់ ប្រហារអោយវិនាសទៅបាន រួមសេចក្ដីទៅថាត្រូវតែសម្លាប់ដោយកិត្តិយស" ។ ទោះបីចាប់ពីរជ្ជកាលព្រះបាទត្រសក់ផ្អែមតមក ខ្មែរយើងកាន់ខ្ជាប់តែព្រះពុទ្ធសាសនាហីនយានក៏ដោយ តែ ព្រះខាន់រាជ្យនិងគ្រឿងបញ្ចក្សេត្រ ត្រូវបានពួកបាគូ​ ជាអ្នកថែរក្សាយ៉ាងតឹងរ៉ឹងហើយនឹងមានកិច្ចធ្វើពិធីបូជាជារៀងរាល់ខែផង ។ ពួកបាគូនេះជាកូនចៅមានតំណវង្សពីពួកព្រាហ្មណ៍បុរោហិត គឺពួកព្រាហ្មណ៍ដែលមាននាទីប្រារព្ធធ្វើរាជាពិធីផ្សេងៗ ក្នុងព្រះរាជវាំងនាសម័យអង្គរ ដែលព្រះរាជាខ្មែរភាគច្រើននិយមរាប់អានសាសនាព្រាហ្មណ៍ជាង​ព្រះពុទ្ធសាសនា ។ តាមរាជពង្សាវតារខ្មែរ ថាកាលដែលស្ដេចកន មានជ័យជំនះហើយ សម្ដេចឥសីភទ្ទ បានយកព្រះខាន់រាជ្យ ព្រះលំពែងជ័យ និង គ្រឿងបញ្ចក្សេត្រ ទៅលាក់ទុកក្នុងរន្ធនៃប្រហោងដើមចំបក់មួយនៅក្នុងព្រៃ ។ លុះស្ដេចកនទទួលអភិសេកឡើងសោយរាជ្យ ព្រះអង្គទ្រង់ចាត់អោយគេ ដើររកគ្រឿងសម្រាប់រាជ្យ ទាំងនោះនៅគ្រប់ទិសទីតែរកពុំឃើញសោះ ។ ចំណែកឯព្រះចន្ទរាជា កាលដែលនាម៉ឺនសព្វមុខមន្ត្រីសូមយាងព្រះអង្គទទួលប្រាប្ដាភិសេកឡើងសោយរាជសម្បត្តិនោះ ព្រះអង្គទ្រង់ប្រកែកព្រោះរក គ្រឿងសម្រាប់រាជ្យ មិនទាន់ឃើញ ។ បើតាមរាជពង្សាវតារខ្មែរថា គ្រឿងទាំងនោះគេអាចរកឃើញឡើងវិញដោយសារតែក្រឡាពាសម្នាក់ដេកយល់សប្តិឃើញគេមកប្រាប់អោយទៅយក ។ រួមសេចក្ដីមក យើងឃើញថា គ្រឿងសម្រាប់រាជ្យ ដូចបានពោលខាងលើនេះមានសារៈសំខាន់ណាស់ ។ បុគ្គលដែលឡើងសោយរាជ្យតែពុំមានគ្រឿងនេះទេ គេចាត់ទុកថា ពុំមានលក្ខណៈជាស្ដេចទ្រង់រាជ្យពេញលេញទេ ។ ដោយហេតុនេះ ក្នុងគ្រាអាសន្នបើទោះបីមានគ្រោះថ្នាក់យ៉ាងណាក៏ដោយ ក៏ពួកព្រាហ្មណ៍បាគូសេវកាមាត្យត្រូវខំរំដោះគ្រឿងសម្រាប់រាជ្យនេះអោយបាន តួយ៉ាងដូចកាលពីគ.ស.១៣៥២នៅពេលដែលសៀមវាយបែករាជធានីអង្គរក្នុងរជ្ជកាលព្រះបាទ លំពង់រាជា នោះពួករាជគ្រូបុរោហិតបាននាំយក គ្រឿងសម្រាប់រាជ្យ វាយទម្លាយទ័ពសៀមរត់រួចចេញទៅ ។ ដូច្នេះ យើងឃើញថាអំណាចរបស់ព្រះរាជាស្ថិតនៅលើព្រះរាជពិធី រាជាភិសេក នេះ១ និងលើ គ្រឿងសម្រាប់រាជ្យនេះ១ ។ អំណាចទាំងឡាយមានប្រភពចេញមកពីព្រះរាជា ។ ព្រះអង្គជាអ្នកតាក់តែងច្បាប់ ប៉ុន្តែជាច្បាប់សាធារណៈប៉ុណ្ណោះ ។ ព្រះអង្គក៏ជាអគ្គមេបញ្ជាការលើកងទ័ពជាតិហើយតែងតែលើកទ័ពផ្ទាល់ព្រះអង្គទៅប្រយុទ្ធប្រឆាំងនឹងមារសត្រូវទាំងខាងក្រៅប្រទេសក៏ដូចជាខាងក្នុងប្រទេស : ដោយហេតុនេះបានជាយើងឃើញ ព្រះស្រីរាជា លើកទ័ពផ្ទាល់ព្រះអង្គទៅរំដោះយកអាណាខេត្តខាងលិច ព្រះចន្ទរាជា ព្រះបរមរាជាទី៤ និងព្រះសត្ថាទី១ សុទ្ធតែបានលើកទ័ពវាយយកទឹកដីខ្មែរដែលត្រូវបាត់បង់ ហើយសុទ្ធតែបានទៅដល់រាជធានីស្រីអយុធ្យា ចំណែកឯព្រះបរមរាជាទី៤ ទ្រង់បានលើកទ័ពចេញទៅតទល់នឹងស្ដេចលាវ ដែលមកសងសឹកក្រោយពីប្រជល់ដំរីចាញ់ខ្មែរ ។ ដោយសារព្រះរាជពិធីរាជាភិសេក ព្រះរាជាក៏ក្លាយទៅជាមេសាសនាផងដែរ ។​ ព្រះអង្គមានសិទ្ធិជ្រើសរើសព្រះសង្ឃ និងមានសិទ្ធិដកសក្ដិពីមន្ត្រីប្រភេទនេះទៀត ។ ដោយសារព្រះរាជពិធីដដែលនេះ ព្រះរាជាក៏មានឋានៈជា ម្ចាស់ជីវិតលើត្បូង មានសិទ្ធិអោយស្លាប់ អោយរស់លើសព្វសត្វនៅលើផែនដី បានសេចក្ដីថា ព្រះអង្គជាចៅក្រមម្នាក់អាចវិនិច្ឆ័យទោសកំហុសជាយថាហេតុ ប៉ុន្តែក្នុងករណីចុងក្រោយនេះ ក៏ដូចជាក្នុងករណីឯទៀតៗដែរ ព្រះអង្គត្រូវប្រកបដោយ ទសពិធរាជធម៌ មាន ទាន សីល នេះជាដើម ។ ដូច្នេះ ទោះបីព្រះរាជាជាប្រភពនៃអំណាចគ្រប់បែបយ៉ាង កាន់កាប់អំណាចគ្រប់ប្រភេទក៏ដោយក៏ពុំមានសេចក្ដីថា ព្រះអង្គជាអ្នកកាន់អំណាចផ្ដាច់ការទេ ។ ផ្ទុយទៅវិញព្រះអង្គត្រូវប្រកប ដោយសីលធម៌អោយបរិបូរណ៌ និងគោរពច្បាប់ថែមទៀតផង ។ ការដែលមានព្រះរាជាខ្លះដូចជា ចៅពញាអន និងចៅពញាញោម ពុំគោរពក្រិត្យវិន័យសម្រាប់ក្សត្រទ្រង់រាជ្យហើយបែរជាប្រព្រឹត្ត អំពើអបាយមុខរំលោភលើរូបប្រពន្ធកូនអ្នកដទៃបណ្ដាលអោយមានវឹកវរក្នុងផ្ទៃប្រទេសនោះ គឺជាអំពើពុំសមរម្យ ចំពោះអ្នកដឹកនាំជាតិ​ដែលត្រូវមានករណីយកិច្ចមើលសុខទុក្ខលើអាណាប្រជានុរាស្ត្រទេ ។ ក្នុងសម័យកាលដែលយើងបានលើកមកសិក្សាក្នុងទីនេះ យើងឃើញថាព្រះរាជាដែលសោយរាជ្យបន្តបន្ទាប់គ្នា ទ្រង់បានគង់នៅក្នុងរាជធានីបីសំខាន់ គឺរាជធានីភ្នំពេញ ចតុមុខ រាជធានីលង្វែក និងរាជធានីទួលបាសានស្រីសន្ធរ ។ តាមពត៌មានដែលឯកសារផ្សេងៗ បានផ្ដល់និងតាមដែលយើង អាចពិនិត្យឃើញពេលសព្វថ្ងៃនេះ ឃើញថាទីតាំងនៃរាជធានីទាំងនោះសុទ្ធតែជាចំណុចយុទ្ធសាស្ត្រ ស្ថិតនៅជិតទន្លេ បឹង និងព្រៃ ជាឧបសគ្គសម្រាប់ការពារខ្លួនបានស្រួល ។ ម្យ៉ាងទៀត រាជាធានីនីមួយៗសុទ្ធតែមានកំពែង និងគូ ឬ អូរ ព័ទ្ធជុំវិញ ហើយមានបន្ទាយមានសើននៅច្រើនកន្លែងសម្រាប់ការពារទៀត ។ រាជធានីលង្វែកជាបន្ទាយមាំមួយជាងបន្ទាយឯទៀត នេះគឺដោយសារតែមានព្រៃឫស្សីយ៉ាងក្រាស់ដែលព័ទ្ធពីក្រៅគូទឹកទៀត ប៉ុន្តែនៅតែធ្លាក់ក្នុងកណ្ដាប់ដៃសៀម ដោយខ្មែរយើងចាញ់កលល្បិចគេ ។ គួរគប្បីបញ្ជាក់ថា ក្រៅពីអគ្គមហេសីព្រះរាជានៅមានស្រីស្នំស្រឹង្គារជាច្រើនទៀត ដែលគេអាច ចែកការងារជាច្រើនថ្នាក់ គឺពីទាបទៅខ្ពស់៖
អ្នកនាង (ឧ.អ្នកនាងពៅ មាតារបស់ព្រះជ័យជេដ្ឋាទី១ និងចៅពញាតន់)
អ្នកម្នាង (ឧ.អ្នកម្នាងទេវី មាតាព្រះនរាយណ៍រាជា)
ព្រះម៉ែនាង (ឧ.ព្រះម៉ែនាងវង មាតាចៅពញាអន)
ព្រះម្នាង (ឧ.ព្រះម្នាងកេសរមាលា មាតាស្រីសុរិយោពណ៌) ពេលសោយទីវង្គតទៅ គេតែងលើកព្រះសពតំកល់ក្នុងកោដ្ឋ ធ្វើបុណ្យថ្វាយព្រះភ្លើង រួចយកបរមអដ្ឋិធាតុទៅបញ្ចុះក្នុងចេតិយដែលច្រើនតែសាងនៅលើភ្នំ ដូចជាភ្នំដូនពេញ (ចេតិយព្រះបរមរាជាទី២ ចៅពញាយ៉ាត) ភ្នំរាជទ្រព្យ (ចេតីយព្រះចន្ទរាជា) ។ ល ។ ក្នុងករណីគូបដិបក្សជាប់ញាតិវង្ស ហើយត្រូវធ្វើគុត ក៏ព្រះរាជាតែងធ្វើបុណ្យថ្វាយព្រះភ្លើង​ដល់ព្រះសពអោយសមឋានៈជាក្សត្រដែរ ដូចជា ព្រះធម្មរាជាទី១ ទ្រង់បានសុំសពព្រះរៀមគឺព្រះស្រីរាជា និងក្មួយគឺ ស្រីសុរិយោទ័យ ពីព្រះចៅសៀម និងព្រះចន្ទរាជា បានបញ្ជាអោយគេយកសព ពញាអុង ពីសមរភូមិកាលដែលលើកទ័ពចូលមកវាយខ្មែរ ដើម្បីយកទៅធ្វើពិធីថ្វាយព្រះភ្លើងតាមប្រពៃណីក្សត្រ ។
ពួកបរិវារ
គេឃើញមានជាអាទិរាជវង្សានុវង្សគឺ៖ ឧភយោរាជ : តាមន័យដើម ពាក្យនេះមានន័យថា ក្សត្រដាក់រាជ្យអោយអង្គណាមួយ សោយតំណាងព្រះអង្គ ទទួលរាជសក្ដិជាក្សត្រកណ្ដាលជួយដាស់តឿនក្រើនរំលឹកក្សត្រទ្រង់រាជ្យ និងក្សត្រឧបរាជទាំងពីរអង្គ អោយស្ថិតនៅក្នុងទសពិធរាជធម៌ ប៉ុន្តែក្នុងភាពពិតជាក់ស្ដែងវិញ ឧភយោរាជ ជាក្សត្រដែលមានព្រះឋានៈបន្ទាប់ពីក្សត្រទ្រង់រាជ្យ (ឧ.ព្រះស្រីសុរិយោពណ៌) ។
ឧបរាជ ឬ មហាឧបរាជ : ឋានៈជា ឧបរាជ នេះមានមកជាយូរណាស់មកហើយ ។ គេជ្រើសរើស ឧបរាជ ក្នុងចំណោមបុត្រច្បង ឬ អនុជក្សត្រទ្រង់រាជ្យដែលមានគុណវុឌ្ឍីដ៏ខ្ពង់ខ្ពស់ ប៉ុន្តែក្នុងភាពពិតជាក់ស្ដែងពុំមែនសុទ្ធ តែមានដំណើរប្រព្រឹត្តទៅបែបនេះទេ ព្រោះកាលដែលព្រះ សត្ថាទី១ ដាក់រាជ្យថ្វាយទៅព្រះរាជាបុត្រច្បងនាមព្រះជ័យជេដ្ឋា ដែលមានព្រះជន្ម១១វស្សាអោយឡើងសោយរាជ្យនិងលើកព្រះរាជបុត្របន្ទាប់នាម ចៅពញាអន ដែលមានព្រះជន្មទើបបាន៦វស្សា អោយឡើងឋានៈជាឧបរាជនោះ អំពើនេះធ្វើអោយមានការអាក់អន់ស្រពន់ចិត្តច្រើន ក្នុងចំណោមនាម៉ឺនសព្វមុខមន្ត្រីនិងអាណាប្រជានុរាស្ត្រ ។
ព្រះវររាជមាតា ឬ ព្រះវររាជអយ្យកា ក៏ទំនងជាមានឥទ្ធិពលខ្លាំងក្លាណាស់ដែរ ព្រោះកាលដែលព្រះកែវហ៊្វាទី១ ចៅពញាញោម មិនប្រកបដោយទសពិធរាជធម៌ សម្ដេចព្រះទេវីក្សត្រីត្រូវជាសម្ដេចព្រះអយ្យកាបានជំនុំនឹងមន្ត្រី រួចផ្ញើរសារទៅក្រុងអយុធ្យា ក្រាបទូលព្រះចៅសៀមបើកសម្ដេចព្រះស្រីសុរិយោពណ៌ អោយចេញមកក្រុងកម្ពុជាធិបតីវិញ ។
ចៅហ៊្វាទឡ្ហៈ : បើប្រៀបធៀបនឹងសព្វថ្ងៃ ចៅហ៊្វាទឡ្ហៈ មានបណ្ដាសក្តិស្មើនឹង នាយករដ្ឋមន្ត្រី ឬ រដ្ឋមន្ត្រីទី១ ។ បន្ទាប់ពី ចៅហ៊្វាទឡ្ហៈ មកគេឃើញមានមន្ត្រីជាន់ខ្ពស់ ៤រូបទៀត ដែលមានមុខងារជាអ្នកសម្រេចរាជការ និងគ្រប់គ្រងផែនដីរួម និងព្រះមហាក្សត្រ ។ មន្ត្រីជាន់ខ្ពស់ទាំង៤នេះគេចាត់ដូចសសរជើងរៀងទាំង ៤​ នៃប្រាសាទ ទើបមាននាមរួមថាចតុស្ដម្ភ :
ឧកញ៉ាក្រឡាហោម
ឧកញ៉ាវាំង
ឧកញ៉ាយមរាជ
ឧកញ៉ាចក្រី
មហាតលិក : នេះជាមន្ត្រីខ្ញុំរាជការដែលមានងារគាល់បម្រើព្រះរាជា ។ ស្ដេចកន កាលពីដើមជា មហាតលិក មួយរូបដែលត្រូវបានព្រះបាទស្រីសុគន្ធបទ តម្ដើងអោយឡើងឋានៈជា ឃុនហ្លួងព្រះស្ដេច ។
ហោរា : ជាមន្ត្រី១ប្រភេទដែលមានមុខងារសំខាន់ណាស់ដែរ ព្រោះក្នុងសម័យនោះ តាំងពីក្សត្រទ្រង់រាជ្យដល់អាណាប្រជានុរាស្ត្រសុទ្ធ តែមានជំនឿលើការទស្សន៍ទាយ ។ មុននឹងលើករាជធានីពីទួលបាសានមកភ្នំពេញ ព្រះបរមរាជាទី២ ចៅពញាយ៉ាត ទ្រង់បានបញ្ជា ឧកញ៉ាហោរាធិបតីខៀវ និងមន្ត្រីឯទៀតអោយមកពិនិត្យមើលក្នុងកន្លែងតាមក្បួនហោរាសិន ។ ឯព្រះបាទស្រីសុគន្ធបទ ពេលទ្រង់ យល់សុបិន្តឃើញនាគដេញពាំស្វេតច្ឆត្រ ក៏បានអោយហោរាទស្សន៍ទាយទៅឃើញថាមានគេចង់ជ្រែករាជ្យ គឺស្ដេចកននេះឯង ។
ចៅជិត ចៅចម : ចៅជិត គឺពួកស្ត្រីជាព្រះរាជបរិវារ មានមុខងារក្រាបបង្គំគាល់បម្រើជិតស្និទ្ធក្នុងព្រះរាជត្រកូល ឯចៅចម គឺពួកស្ត្រីជារាស្ត្រសាមញ្ញដែលគេថ្វាយអោយធ្វើជាមហេសីស្ដេចបានដល់ពួកស្រីស្នំស្រឹង្គារនេះឯង ។
ជាទូទៅ គេសង្កេតឃើញរាជសម្បត្តិត្រូវបានបន្ត​ពីបិតាជាក្សត្រទ្រង់រាជ្យទៅបុត្រ បានសេចក្ដីថានៅពេលដែលព្រះបិតាសោយទិវង្គតទៅ ឬក៏ដាក់រាជ្យ គឺបុត្រច្បងត្រូវមានសិទ្ធិឡើងសោយរាជ្យស្នង ហើយប្រសិនបើបុត្រច្បងត្រូវសុគតមុនសោយរាជ្យ គឺបុត្របន្ទាប់មានសិទ្ធិសោយរាជ្យស្នងព្រះបិតា ។ ដោយហេតុនេះហើយទើបយើងឃើញ ព្រះនារាយណ៍រាជាឡើងសោយរាជ្យស្នងព្រះបរមរាជាទី២ ចៅពញាយ៉ាត ព្រះសត្ថាទី១ សោយរាជ្យស្នងព្រះបរមរាជាទី៤ ឯព្រះបរមរាជាទី៤ បានសោយរាជ្យ ស្នងពីព្រះចន្ទរាជា ព្រោះបុត្រច្បងនាម រាមាធិបតី បានសុគតមុនសោយរាជ្យ (តាមរាជពង្សាវតារខ្លះថាត្រូវព្រះធរណីស្រូប) ។ ក្នុងករណីដែលក្សត្រទ្រង់រាជ្យពុំមានបុត្រសោយរាជ្យស្នងទេ សិទ្ធិនេះត្រូវបានទៅព្រះអនុជជាបន្តបន្ទាប់ ។ ព្រះចន្ទរាជា បានឡើងសោយរាជ្យជាតំណវង្សពីព្រះបាទស្រីសុគន្ធបទ ព្រោះរាជបុត្រក្សត្រអង្គនេះ គឺពញាយសរាជា បានសុគតមុនសោយរាជ្យ ។ ប្រសិនបើគេមិនគោរពទម្លាប់នេះទេនោះវិបត្តិច្បាស់ជាកើតឡើងចៀសមិនបាន ​: នេះគឺចជាករណីរបស់ ស្រីសុរិយោទ័យ ដែលត្រូវបានឡើងសោយរាជ្យស្នងព្រះបិតា គឺព្រះនារាយណ៍រាជា តែពុំដូច្នោះបែរជាបានទៅព្រះស្រីរាជា ជាអនុជសោយរាជ្យវិញ ជាហេតុនាំអោយមានចម្បាំងគ្នាឯងក្នុងស្រុកអស់រយៈពេល១០ឆ្នាំ (១៤៧៥-១៤៨៥) ។ ក្នុងសម័យកាលដែលយើងលើកយកមកសិក្សានេះ គេសង្កេតឃើញថាមានអន្តរាគមន៍របស់ពួកមន្ត្រីក្នុងការជ្រើសរើសក្សត្រ​អោយឡើងសោយរាជ្យ ហើយអន្ត្រាគមន៍នេះមាន ប្រសិទញធិភាពខ្លាំងណាស់ដែរ ។ យ៉ាងណាមិញព្រះស្រីរាជា ព្រះបរមរាជាទី៧ ចៅពញាអន និងព្រះស្រីសុរិយោពណ៌សុទ្ធតែបានឡើងសោយរាជ្យ​ដោយសារតែអន្តរាគមន៍របស់នាម៉ឺនសព្វមុខមន្ត្រីនេះឯង ។ ក្នុងករណីដែលបុគ្គលណាមួយ ទោះជាមន្ត្រីជាន់ខ្ពស់ក្ដី ទោះជាជាប់ព្រះញាតិនឹងក្សត្រទ្រង់រាជ្យក្ដី តែបើពុំមានសិទ្ធិទទួលរាជសម្បត្តិទេ ហើយបែរជាប្រើកម្លាំងអាវុធដើម្បីបានឡើងសោយរាជ្យនោះគេអោយឈ្មោះហៅថាស្ដេចជ្រែករាជ្យ (ស្ដេចកន ព្រះរាមជើងព្រៃ) ។
គេសង្កេតឃើញមានវិបត្តិក្នុងរាជវង្សជាញឹកញាប់ ជាហេតុបណ្ដាលអោយមានចម្បាំងគ្នាឯងក្នុងស្រុក : ចម្បាំងរវាងស្រីរាជា ស្រីសុរិយោទ័យ ធម្មរាជា អស់រយៈពេល១០ឆ្នាំ (១៤៧៥-១៤៨៥) និងចម្បាំងរវាងស្រីសុគន្ធបទ ស្ដេចកន ចន្ទរាជា (១៥០៩-១៥១២ និង ១៥១៦-១៥២៥) ។ មូលហេតុនៃចម្បាំងទាំងនេះ គឺបណ្ដាលពីការគិតប្រយោជន៍ផ្ទាល់ខ្លួនច្រើនជាងប្រយោជន៍រួម ។ យ៉ាងណាមិញ ព្រះស្រីសុរិយោទ័យ ច្បាំងនឹងព្រះស្រីរាជា មកតែពីគិតប្រយោជន៍ផ្ទាល់ គឺសិទ្ធិត្រូវបានសោយរាជ្យស្នងព្រះបិតា ព្រះបាទស្រីសុគន្ធបទ រកកលសម្លាប់ស្ដេចកន មកតែពីខ្លាចមន្ត្រីរូបនេះដណ្ដើមរាជសម្បត្តិ ព្រះសត្ថាទី១ បានដាក់រាជ្យថ្វាយទៅបុត្រដែលសុទ្ធតែមានវ័យក្មេងៗ ព្រោះតែខ្លាចរាជសម្បត្តិបានទៅព្រះអនុជគឺ ស្រីសុរិយោពណ៌ ដែលមានសមត្ថភាព និងមានប្រជាប្រិយភាពជាង ។ លុះជម្លោះកើតឡើងហើយ អ្នកដឹកនាំជាតិមិននិយមការដោះស្រាយ ដោយសម្របសម្រួលគ្នាទេបែរជាសុខចិត្ត​ទៅពឹងពាក់អោយបរទេសជិតខាងចូលមកផ្សះផ្សាវិវាទផ្ទៃក្នុងរបស់ខ្មែរទៅវិញ ។ ដោយហេតុនេះហើយ ទើបព្រះធម្មរាជា ទ្រង់បានទៅអន្ទងស្ដេចសៀមអោយលើកទ័ពចូលមក ធ្វើកលចាប់ព្រះស្រីរាជា និងស្រីសុរិយោទ័យ យកទៅស្រុកសៀមអស់ទៅ ។
នៅគ្រានោះខ្មែរមិនទាន់មានកង្វល់នៅព្រំដែនខាងកើតនៅឡើយទេ ព្រោះចាម្ប៉ាកំពុងតែជាប់ដៃធ្វើចម្បាំងជាមួយពួកលោកម្ចាស់ង្វៀន ដែលបានលេបទឹកដីរបស់រាជាណាចក្រនេះបន្តិចម្ដងៗ ។
សូមជំរាបជូនលោកអ្នកនាងជ្រាបថា គេហទំព័ត៌ www.erc-news.blogspot.com ត្រូវបានភ្ជាប់ជាមួយនឹងគេហទំព័រផ្លូវការ របស់កាសែតឯករាជ្យជាតិគឺ៖ www.kaset-ekreachcheat.com លោកអ្នកអាចអានបានទាំងពីរ.....
ប៉ុន្តែព្រំដែនខាងលិច ព្រះរាជាខ្មែរបានព្យាយាមវាយរំដោះយកទឹកដីដែលត្រូវបាត់បង់ទៅតាំងពីស.វ.ទី១៣រៀងមក ។ គឺក្នុងគោលបំណងនេះហើយដែលព្រះស្រីរាជា ព្រះចន្ទរាជា ព្រះបរមរាជាទី៤ ព្រះសត្ថាទី១ បានលើកទ័ពទៅវាយលុករហូតដល់រាជធានី ស្រីអយុធ្យា ហើយរំដោះ យកបានទឹកដីមកវិញជាច្រើនមែន ។ ឯហេតុដែលនាំអោយខ្មែរមានជោគជ័យបែបនេះ គឺបណ្ដាលមកពីភូមាបានលើកទ័ពចូលវាយសៀមជាញឹកញយ វាយយកបានរាជធានី ស្រីអយុធ្យា២លើក (គ.ស.១៥២៤និង១៥៦៩) និងដាក់សៀមជាប្រទេសចំណុះអស់១៥ឆ្នាំទៀតផង ហើយស្ដេចខ្មែរចេះឆ្លៀតឱកាស​ដែលសត្រូវកំពុងតែទន់ខ្សោយនោះលើកទ័ពចូលវាយបន្ថែមទៀត ហើយអាចរំដោះយកបានទឹកដីដែលត្រូវបានបាត់បង់ត្រឡប់មកវិញ ។ ត្រង់ចំណុចនេះ ឯកសារអឺរ៉ុប និយាយថាខ្មែរបានធ្វើសម្ព័ន្ធមិត្តជាមួយភូមាដើម្បីវាយសៀម ប៉ុន្តែឯកសារខ្មែរមិនបាននិយាយដល់រឿងនេះទេ ។ ប្រភពអឺរ៉ុបដដែលបានបន្ថែមទៀតថាក្រោយមកខ្មែរបានងាក ទៅចងសម្ព័ន្ធមេត្រីជាមួយសត្រូវខ្លួន (សន្ធិសញ្ញាខ្មែរ-សៀមគ.ស.១៥៧៤ ព្រះសត្ថាទី១ បញ្ជាអោយ ស្រីសុរិយោពណ៌ លើកទ័ពទៅជួយសៀមវាយឈ្នះភូមា)ប៉ុន្តែមិនបានផលល្អ ព្រោះក្រោយពីបានរំដោះខ្លួនពីចំណុះភូមាមក សៀមតែងបានលើកទ័ពចូលវាយខ្មែរញឹកញាប់ ថាព្រោះខ្មែរមិនរក្សាពាក្យសច្ចៈ ។ ការពិត សៀមធ្វើនេះ គឺនៅក្នុងក្របខ័ណ្ឌពង្រីកទឹកដីរបស់គេតែប៉ុណ្ណោះ ។ ម្ល៉ោះហើយនៅចំពោះមុខគ្រោះថ្នាក់​ដែលតែងតែគំរាមកំហែងមកលើប្រទេសជាតិនេះ ព្រះរាជាខ្មែរចាប់ពីព្រះសត្ថាទី១រៀងមកបានងាកទៅរកជំនួយពីពួកព័រទុយហ្គាល់ ហើយក្រោយមកពីពួកអេស្ប៉ាញទៀត ។ ព្រះអង្គទ្រង់បានយកចិត្តអ្នកផ្សាយសាសនាអឺរ៉ុបយ៉ាងខ្លាំង ដើម្បីអោយពួកនេះជួយធ្វើអន្តរាគមន៍សុំជំនួយទ័ពមកប្រឆាំងនឹងសៀម ។​ ព្រះអង្គទ្រង់បានសន្យាថានឹងបើកសិទ្ធិអោយពួកនេះ ផ្សាយសាសនាគ្រិស្តនៅគ្រប់ទិសទីក្នុងព្រះរាជាណាចក្ររបស់ព្រះអង្គជួយសង់ព្រះវិហារ និងផ្ដល់ទេយ្យទាន មានអង្ករជាដើមដល់ពួកនេះ ។ ពួកអេស្ប៉ាញនៅម៉ានីល មានបំណងចង់មកតាំងអាណាព្យាបាលភាពលើប្រទេសខ្មែរហើយបានបញ្ជូនទ័ព និងអ្នកផ្សាយសាសនាមកប្រទេសខ្មែរជាច្រើនលើក តែពុំបានសម្រេចដូចប្រាថ្នា ។ ទៅទីបំផុត ព្រះស្រីសុរិយោពណ៌ ដែលទ័ពសៀមចាប់នាំយកទៅក្រុង អយុធ្យាបានត្រឡប់ ចូលមកប្រទេសខ្មែរវិញដោយនាំយកឥទ្ធិពលសៀមមកផ្សាយទៀត ។ គួរគប្បីបញ្ជាក់ថា ពួកសៀមដែលកាន់ព្រះពុទ្ធសាសនាដូចខ្មែរដែរនោះ បានប្រឆាំងយ៉ាងខ្លាំងចំពោះការប៉ុនប៉ងផ្សាយសាសនារបស់ជនជាតិអឺរ៉ុប ជាពិសេសក្នុងរជ្ជកាលរបស់ព្រះនរេសូរ ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
អរិយធម៌ខ្មែរនៅសម័យ ចតុមុខ-លង្វែក អរិយធម៌ខ្មែរនៅសម័យ ចតុមុខ-លង្វែក Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on Thursday, November 16, 2023 Rating: 5

No comments:

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

Powered by Blogger.