មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ


មានទទួលផ្សាយពាណិជ្ជកម្ម
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

ប្រវត្តិសាស្ត្រ៖ សម័យស្រីសន្ធរ

ផ្សាយថ្ងៃទី ០៩ ធ្នូ ២០២៤

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
សម័យស្រីសន្ធរ (១៥៩៤-១៦១៨) វាជាសម័យកាលមួយចាប់ផ្ដើមពីការបែកបន្ទាយលង្វែក ពេលនោះប្រទេសខ្មែរបានធ្លាក់ក្នុងចលាចល ពួកសៀមបានចាប់រាជវង្សានុវង្សខ្មែរទៅឃុំទុកនៅស្រុកវាអស់។ បន្តបន្ទាប់មកពួកស្ដេចត្រាញ់ក្នុងតំបន់បានឆ្លៀតឱកាសក្នុងភាពវឹកវរ ហើយក៏បានលបវាយឆ្មក់យកបន្ទាយលង្វែកពីពួកសៀមមកវិញបានហើយក៏តាំងរាជធានីនៅស្រីសន្ធរ។ ស្ដេចដែលបានសោយរាជ្យនៅទីនោះ ព្រះនាម ព្រះរាមាជើងព្រៃ ជាស្ដេចត្រាញ់មួយអង្គ។
ព្រះរាជាកម្ពុជា ព្រះបរមឥន្ទរាជា (ព្រះសត្ថា) បានភៀសព្រះអង្គចេញពីបន្ទាយលង្វែក តាំងតែពីមុនពេលដែលសៀមវាយលុកចូលមក ដោយទុកឱ្យព្រះឧភយោរាជ ស្រីសុរិយោពណ៌ ដែលទើបវាយសៀមឈ្នះនៅអម្រិតបូរ (បរិបូណ៌) នៅការពាររាជធានី។ ទ្រង់បានយាងជាមួយនឹងព្រះរាជវង្សទាំងអស់កាត់ទៅរកព្រះរាជបុត្រច្បង ព្រះជ័យជេដ្ឋា ដែលរងការគាបសង្កត់ពីទ័ពសៀមមកពីទិសខាងត្បូង ហើយបានវាយដកថយទៅកាន់ស្រីសឈរ (បច្ចុប្បន្នស្រីសន្ធរ) ជាមួយនឹងព្រះអនុជចៅពញាតន់ និងពួកអឺរ៉ុប ២នាក់ផង។
គង់នៅស្រីសឈរបានបន្ដិច ព្រះរាជវង្សានុវង្សយល់ឃើញថា សុវត្ថិភាពនៅទីនេះមិនល្អ ក៏នាំគ្នាធ្វើដំណើរទៅស្ទឹងត្រែង។ ទីកន្លែងត្រង់នេះ ប្រហែលមិនមែនជាទឹកដីរបស់លាវទេមើលទៅនាសម័យនោះ ប៉ុន្ដែ ក៏ប្រហែលជាគ្មានទំនាក់ទំនងអ្វីធំដុំជាមួយកម្ពុជាដែរ ព្រោះនៅឆ្ងាយ គឺនៅពីខាងជើងជួរសម្បុកសម្បូរ និងព្រះតាពាង (ប៉ាតាង) ទៅទៀត ម្យ៉ាងទៀត អ្នកស្រុកភាគច្រើនជាជនជាតិលាវផង។
បើតាមរាជពង្សាវតារបានលើកមូលហេតុផ្សេងចំពោះការធ្វើដំណើរទៅស្ទឹងត្រែងនេះ ដោយលើកឡើងថា មានព្រះវង្សមួយអង្គព្រះនាមថា ព្រះរាមាជើងព្រៃ មានបំណងដណ្ដើមយកមហាក្សត្រីយព្រះភគវតីស្រីចក្រពត្ដិ ជាព្រះជាយាទី១របស់ព្រះសត្ថា ធ្វើឱ្យស្ដេចអង្គនេះភ័យបារម្ភចំពោះព្រះក្សត្រីយ ក៏នាំគ្នារត់ភៀសព្រះកាយទៅស្ទឹងត្រែងទៅ ដើម្បីបានគេចផុតពីគោលបំណងអាក្រក់របស់ព្រះរាមាជើងព្រៃផង និងបានគេចផុតពីទ័ពសៀម ដែលធ្វើដំណើរមកដល់ទន្លេមេគង្គរួចទៅហើយផង។
ពេលនោះ ព្រះទេវីក្សត្រីយ ជាព្រះមាតុច្ឆារបស់ព្រះរាជា មិនបានយាងទៅតាមព្រះរាជាទេ តែបានភៀសព្រះកាយចេញពីស្រីសន្ធរទៅគង់នៅឯភ្នំពាមជាំង ជាមួយរាជបុត្រារបស់ព្រះសត្ថា គឺចៅពញាតន់ និង ចៅពញាយោម ហើយនិងនាម៉ឺនដែលស្មោះត្រង់មួយចំនួន ។ ចំណែកឯ ឌីយឺហ្គោបែឡូសូ និងមិត្ដភក្ដិរបស់គេវិញ ដែលទើបតែត្រលប់មកពីម៉ានីល ប្រហែលជាបានធ្វើដំណើរទៅតាមព្រះឧភយោរាជ និងព្រះរាជានៅឯស្ទឹងត្រែង ហើយទាល់តែដល់ពេលក្រោយយូរណាស់ គឺពេលដែលទ័ពឆ្មក់កម្ពុជាដែលមិនទាន់មានការរៀបរយត្រឹមត្រូវ បើកការវាយប្រហារទៅលើទ័ពសៀមដែលចង់ពង្រីកអំណាចមកទិសខាងកើត និងខាងត្បូង ទើបពួកនេះត្រលប់ចុះមកវិញដើម្បីចូលរួមជាមួយ។ បេឡូសូ ត្រូវសៀមចាប់បាននៅក្នុងការប្រយុទ្ធមួយនៅក្នុងឆ្នាំ១៥៩៤។ ចំណែកឯ ប្លារូហ្ស៍-អង់តូនីញ៉ូម៉ាសាដូ និងប៉ង់តាលេអុងការណៃរ៉ូ ត្រូវចាប់ខ្លួនបានពេលក្រោយបន្ដិចនៅក្នុងការប្រយុទ្ធតាមនាវា។
ព្រះឧភយោរាជព្រះសត្ថា និងព្រះរាជាជ័យជេដ្ឋា បានសុគតនៅក្នុងឆ្នាំ១៥៩៤ នៅឯស្ទឹងត្រែង ព្រះសត្ថាពេលនោះ មានព្រះជន្មាយុ៤១ព្រះវស្សា ទ្រង់បានសោយរាជ្យ ឬដឹកនាំប្រទេសបាន១៧ឆ្នាំ ឯព្រះជ័យជេដ្ឋាមានព្រះជន្មាយុ៣០ព្រះវស្សាទ្រង់បានសោយរាជ្យក៏ប៉ុន្ដែមិនបានដឹកនាំប្រទេសទេអស់ពេល១០ឆ្នាំ។
បើតាមការនិទានតៗគ្នានៅសម្បូរ ព្រះអដ្ឋិធាតុរបស់ស្ដេចទាំង២អង្គ បានត្រូវគេនាំយកមកបញ្ចុះនៅក្នុងចេតិយមួយនៅក្នុងបរិវេណវត្ដសម្បូរ។ សម្បូរពេលនោះ គឺជាទីក្រុងធំមួយ។
ដោយពិនិត្យឃើញថានគរគ្មានស្ដេច ហើយពញាតន់ក៏គ្មានសមត្ថភាពនឹងឈ្លោះដណ្ដើមរាជសម្បត្ដិបាន ព្រះវង្សារាមាជើងព្រៃដែលមានព្រះជន្ម៥០ព្រះវស្សាទៅហើយ បានចាប់ផ្ដើមដណ្ដើមយកអំណាច។ ទ្រង់បានចាប់ផ្ដើមរជ្ជកាលរបស់ព្រះអង្គដោយបង្ហាញឱ្យឃើញនូវភាពមោះមុតឥតខ្លាចស្លាប់ គឺទ្រង់បានកេណ្ឌទ័ពដោយស្ងាត់កំបាំង រួចវាយចូលរាជធានីភ្លាម គ្មានឱ្យនរណាដឹងទាន់ សម្លាប់មេទ័ពពញាមហាមន្ដ្រីសៀម ដែលគ្រប់គ្រងនៅទីនោះជាមួយនឹងពលរេហ៍សៀម២ម៉ឺននាក់។ បន្ទាប់មក ប្រហែលដោយខ្លាចពួកសៀមវិលត្រលប់មកវិញ ណាមួយរាជធានីស្ថិតនៅជិតព្រំប្រទល់ខែត្របាត់ដំបង និងអង្គរ ជាទីដែលសៀមបានដាក់ទ័ពប្រមូលផ្ដុំផង ព្រះរាជាក៏យាងមកគង់នៅឯស្រីសន្ធរវិញ ហាក់បីដូចថាព្រះអង្គជាព្រះរាជាពេញសិទ្ធិ មានបរិពារហែហម និងសេវាបម្រើផ្សេងៗសម្រាប់ព្រះរាជវាំង។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
នៅពេលបានទទួលព័ត៌មានស្ដីពីមរណភាពរបស់ស្ដេចទាំងពីរអង្គដែលជាអ្នកគាំពាររបស់ខ្លួន បេឡូសូ ដែលនៅជាប់ក្នុងទីឃុំឃាំងរបស់សៀមមានការអស់សង្ឃឹមជាខ្លាំងថានឹងលែងអាចវិលត្រលប់មកជាន់ដីកម្ពុជាវិញជារៀងរហូតហើយ ក៏យល់ព្រមបំពេញបេសកកម្មឱ្យស្ដេចសៀម ដោយធ្វើដំណើរទៅហ្វីលីពីនស្នើសុំឱ្យអភិបាលក្រុងម៉ានីល ចងមេត្រីភាពរវាងអេស្ប៉ាញ និងស្រុកសៀម។ ពេលទៅដល់ម៉ានីល បេឡូសូ បានជួបជាមួយមិត្ដភក្ដិរបស់គាត់ដែលទើបតែទៅដល់ដែរ ក្រោយពីបានចាប់ពួកទាហានដែលស្ដេចសៀមប្រគល់ភារកិច្ចឱ្យថែរក្សាពួកគេបោះចូលទៅក្នុងទឹកសមុទ្រ ឬចងដាក់ច្រវាក់ ដោយមានការឃុបឃិតពីក្រុមអ្នកដើរសំពៅចិន រួចក៏បើកសំពៅរត់ទៅ។ បេឡូសូក៏ចាប់ប្រែចិត្ដវិញ មិនបានធ្វើកិច្ចការដើម្បីគាំទ្រឱ្យមានចំណងមេត្រីភាពជាមួយសៀមទេ តែបែរជាទៅសំណូមពរឱ្យជួយគាត់មកកម្ពុជាវិញ តែមិនមែនគាំទ្រព្រះរាមាជើងព្រៃដែលខ្លួនចាត់ទុកថាជាស្ដេចជ្រែករាជ្យ ហើយដែលប្រហែលជានឹងមិនស្វាគមន៍ខ្លួនផងនោះទេតែគឺដើម្បីជួយដល់រជ្ជទាយាទរបស់ព្រះមហាក្សត្រដែលសុគតទៅនៅឯស្ទឹងត្រែងទៅវិញ។ ដោយមានការគាំទ្រពីពួកដូមីនីកាំង និងពួកអូហ្គូស្តាំងនៅម៉ានីល ដែលមានបំណងចង់ឱ្យអេស្ប៉ាញដណ្ដើមយកកម្ពុជា ដើម្បីខ្លួនបានប្រែក្លាយប្រទេសនេះឱ្យកាន់សាសនាកាតូលិកវិញ រួចហើយពង្រីកឥទ្ធិពលរបស់ខ្លួន។ ទីបំផុតបេឡូសូក៏និយាយបញ្ចុះបញ្ចូលលោកអភិបាលល្វីប៉េរ៉េដាសម៉ារីញ៉ា ដែលជាកូនរបស់សពលោក ហ្គោមេប៉េរ៉េដាសម៉ារីញ៉ា បានសម្រេចដោយទទួលបានទ័ពអេស្ប៉ាញ ១២០នាក់ និងកប៉ាល់៣គ្រឿង ស្ថិតនៅក្រោមបញ្ជារបស់អនុសេនីយ៍ឯកជន និងជេរៃហ្គាលីណាតូ មានដើមកំណើតមកពីឡាសប៉ាល់ម៉ាស (កោះកាណារី) ហើយនិងពួកដូមីនីកាំង៣នាក់ ក្នុងនោះមានលោកឪអាឡុងសូជីមឺណេ អាយុប្រហែល៧០ឆ្នាំ និងលោកឪពុក ឌីយឺហ្គោអាឌូអាត ដែលជាមនុស្សអង់អាចក្លាហានផងដែរ។ កប៉ាល់ទាំង៣ចេញដំណើរពីម៉ានីលនៅថ្ងៃទី ១៩ ខែ មករា ឆ្នាំ ១៥៩៦។ មានតែកប៉ាល់២ទេដែលបានធ្វើដំណើរមកដល់កម្ពុជា គឺកប៉ាល់ដែលបញ្ជាដោយបេឡូសូ និងប្លារូហ្ស៍ ចំណែកកប៉ាល់១ទៀតដែលបញ្ជាដោយ ហ្គ្រេហ្គ័រដឺវ៉ាហ្គាស វង្វេងផ្លូវ ឬមកដល់ក្រោយក៏មិនដឹង។ មកដល់កម្ពុជា បេឡូសូចតកប៉ាល់នៅបារ៉ារ៉ា (ខែត្របារាជ)។ គឺនៅទីនោះឯង ដែល បេឡូសូ បានទទួលដំណឹងថា ព្រះរាមាជើងព្រៃដណ្ដើមយករាជសម្បត្ដិបានហើយយាងមកគង់នៅស៊ីស្ទ័រ(ស្រីសន្ធរ)។ បេឡូសូគិតថាត្រូវចុះចូលនឹងព្រះរាជាថ្មីនេះហើយបានបញ្ជូនព័ត៌មានស្ដីពីការមកដល់របស់ខ្លួនទៅថ្វាយព្រះរាមាជើងព្រៃ។ ដើម្បីលើកជើង បេឡូសូ ព្រះរាមាជើងព្រៃ បានបញ្ជូនទៅវិញនូវលិខិតតែងតាំង បេឡូសូ ជាអភិបាលខែត្រ និងលិខិតអនុញ្ញាតឱ្យ ប្លាសរូហ្ស៍ មានសិទ្ធិធ្វើដំណើរទៅទីណាក៏បាននៅក្នុងព្រះរាជាណាចក្រ រួចទ្រង់រង់ចាំស្ដាប់ដំណឹងឆ្លើយតបពីមិត្ដរបស់អតីតព្រះមហាក្សត្រទាំងព្រះទ័យព្រួយបារម្ភទៅវិញ។ បេឡូសូ និងប្លាសរូហ្ស៍ បានធ្វើដំណើរឡើងតាមទន្លេមេគង្គ មកដល់ភ្នំពេញដែលកាលនោះគេហៅថា ចតុម្មុខ។ បើតាមឯកសាររបស់ពួកអេស្ប៉ាញ និងព័រទុយហ្គាល់ ថា ចតុម្មុខនាពេលនោះជាមជ្ឈមណ្ឌលពាណិជ្ជកម្មធំមួយ មានជនជាតិចិនរស់នៅចំនួន៣ពាន់នាក់។ ពេលនោះមានជម្លោះមួយបានផ្ទុះឡើងរវាងពួកចិននឹងពួកអឺរ៉ុប។ ដោយមានការគាំទ្រពីពួកជប៉ុន ដែលកាន់គ្រិស្ដសាសនាចំនួន២០នាក់ ពួកអឺរ៉ុបបានបើកការវាយប្រហារទៅលើពួកចិន ហើយសម្លាប់ពួកនេះ អស់៣រយនាក់រួចរឹបអូសយកសំពៅចិនទាំងអស់ព្រមទាំងទំនិញផង។ ច្រើនថ្ងៃក្រោយមក បេឡូសូ និងប្លាសរូហ្ស៍ បានបញ្ជូនសំណើទៅសុំចូលគាល់ព្រះរាជា មិនមែនដើម្បីរាយការណ៍ថ្វាយអំពីព្រឹត្ដិការណ៍វាយប្រហារនោះទេ តែគឺដើម្បីថ្វាយសត្វលាមួយក្បាល និងជំនូនមួយចំនួនដែលអភិបាលក្រុងម៉ានីលបានបន្ទុកបណ្ដាក់ឱ្យខ្លួននាំយកមកថ្វាយ។ ប៉ុន្ដែព្រះរាជាបានបដិសេធមិនព្រមទទួលទេ ដរាបណាពួកអឺរ៉ុបមិនទាន់ប្រគល់សំពៅ និងទំនិញទៅឱ្យពួកចិនវិញ ។
ឆ្លើយតបទៅនឹងព្រះរាជឥរិយាបថនេះ បេឡូសូ និងប្លាសរូហ្ស៍បានសម្រេចចាត់ចែងសភាពការណ៍ឱ្យបានលឿន។ គេនាំគ្នាធ្វើដំណើរចេញពីភ្នំពេញទៅកាន់ស្រីសន្ធរ ជាមួយនឹងដូមីនីកាំងឌីយ៉ឺហ្គោអាឌូអាត និងកម្លាំងមោះមុតដាច់ខាតចំនួន៣៨នាក់។ ចេញដំណើរពីក្បាលព្រលប់ ដើរចម្ងាយ៣០គីឡូម៉ែត្រ ពួកនេះបានមកដល់រាជធានីនៅប្រហែលជាម៉ោង២ទៀបភ្លឺ ហើយបានចាប់បើកការវាយប្រហារទៅលើព្រះរាជវាំងមុនថ្ងៃរះ។ ព្រះរាមាជើងព្រៃ បានត្រូវពួកនេះធ្វើឃាត នៅពេលដែលទ្រង់កំពុងរៀបចំភៀសខ្លួនចេញជាមួយស្រីស្នំ និងសេនាការពារ ចំណែកឯពួកនាម៉ឺនសព្វមុខមន្ដ្រី និងរាជបរិពារ ដែលមានតែលំពែង និងធ្នូស្នាជាអាវុធ បានត្រូវបាញ់សម្លាប់អស់ជាច្រើន (ព្រឹត្ដិការណ៍នេះកើតឡើងនៅក្នុងខែ ឧសភា ឆ្នាំ ១៥៩៦)។ ប្រតិបត្ដិការនេះ ទទួលបានជោគជ័យទាំងស្រុង ក៏ប៉ុន្ដែពួកអ្នកផ្សងព្រេងបានត្រូវអ្នកស្រុកចោមរោមវាយបកវិញ ក្រោយពីបានពិនិត្យឃើញថាពួកនេះមានចំនួនតិចជាង ដោយបង្ខំឱ្យពួកគេដកថយមកកាន់ភ្នំពេញវិញទាំងលំបាក ជាទីដែលគេចតកប៉ាល់ទុក។ បើកុំតែមេទ័ពខ្មែរត្រូវរបួសដោយលំពែងធ្លាយពោះស្លាប់ កុំអីពួកនេះពិបាកនឹងគេចខ្លួនរួចណាស់។ គាប់ជួនពេលនោះ ហ្គាលីណាតូ និងពលទាហានរបស់គេ បានធ្វើដំណើរពីបារាជមកដល់ល្មម ធ្វើឱ្យសភាពការណ៍នៅភ្នំពេញល្អប្រសើរឡើងវិញ។ ក៏ប៉ុន្ដែមិនបានប៉ុន្មានថ្ងៃផង ក្រោយពីបានបើកការប្រជុំក្រុមប្រឹក្សាសង្គ្រាមមួយរួចមក ហើយពិនិត្យឃើញថា ពួកខ្មែរអាចនឹងបើកការប្រយុទ្ធបកម្ដងទៀតធ្វើឱ្យមានការលំបាកក្នុងការទប់ទល់ ហ្គាលីណាតូ បានសម្រេចលើកយុថ្កាបើកកប៉ាល់ចេញពីភ្នំពេញចុះតាមទន្លេមេគង្គ ធ្វើដំណើរទៅកាន់តុងកឹងវិញក្នុងគោលបំណងទៅទាមទារយកកប៉ាល់មួយគ្រឿងដែលពួកចិនបាននាំយកទៅក្រោយពីបានធ្វើឃាតលោកអភិបាលក្រុងម៉ានីល និងក្រុមនាវិករួចមក។ ទៅដល់តុងកឹង បែឡូសូ និងប្លារូហ្ស៍ ដែលនៅតែមានគំនិតមិនចង់បោះបង់គម្រោងការរបស់ខ្លួននៅកម្ពុជានោះ បាននាំគ្នាដើរបែកចេញពីជនរួមជាតិគេ ឆ្លងកាត់ជួរភ្នំអាណ្ណាម ស្រុករបស់អ្នកព្រៃខា ចូលមកស្រុកលាវ រួចត្រលប់មកកម្ពុជាវិញ។ មកដល់ស្ទឹងត្រែង ពួកគេបានបញ្ចុះបញ្ចូលអ្នកអង្គម្ចាស់តន់ថា ឱកាសដណ្ដើមយករាជសម្បត្ដិមកដល់ហើយ ហើយយាងព្រះអង្គឱ្យធ្វើដំណើរមកជាមួយគេ។ ពេលធ្វើដំណើរមកដល់ស្រីសន្ធរ ពួកនាម៉ឺនសព្វមុខមន្ដ្រីដែលកំពុងតែនឿយណាយនឹងអនាធិបតេយ្យ បណ្ដាលមកពីមរណភាពរបស់ព្រះរាមាជើងព្រៃផង ពីព្រោះថាកម្ពុជាពេលនោះ មិនមែនគ្រាន់តែគ្មានស្ដេចសោយរាជ្យប៉ុណ្ណោះទេ គឺខ្វះទាំងអ្នកឡើងស្នងរាជ្យបន្ដថែមទៀត ក៏សម្រេចនាំគ្នាលើកចៅពញាតន់ ឱ្យឡើងគ្រងរាជបល្ល័ង្កនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៥៩៦ ទៅ ។ ក្នុងសម័យដែលព្រះរាមាជើងព្រៃក៏មានព្រឹត្តិការណ៍មួយគួរឱ្យកត់សម្គាល់ដែរ គឺរឿងស្នេហាស្មោះស្ម័គ្រ ទុំទាវ ដែលជារឿងស្នេហាគំរូមួយក្នុងប្រទេសខ្មែរ រឿងស្នេហានេះកើតឡើងក្នុងខែត្រត្បូងឃ្មុំ ដោយសារតែមានការបង្កើតជាកិច្ចកលល្បិចដើម្បីឱ្យនាងទាវបានរៀបការនឹងកូនខ្លួនម៉ឺនងួន ស្ដេចត្រាញ់ ខែត្រត្បូងឃ្មុំ អ្នកឧកញ៉ាអរជូន ត្រូវបានព្រះរាមជើងព្រៃ ដាស់ទោសប្រហារជីវិតដោយប្រើរនាស់ភ្ជួររាស់ក្បាល។ ហើយពួកអ្នកស្រុកដែលបានចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍នោះ ក៏បានក្លាយជាអ្នកព្រៃងារចាប់ពីពេលនោះមក។
ក្រោយពីការសោយទិវង្គតរបស់ព្រះរាមាជើងព្រៃមក ចៅពញាតន់ក៏បានឡើងសោយរាជ្យបន្ត។ ចៅពញាតន់ពេលនោះមានព្រះជន្មាយុ១៨ព្រះវស្សា។ នាម៉ឺនសព្វមុខមន្ដ្រីបានជ្រើសតាំងព្រះអង្គជាមហាក្សត្រនៅថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ១៥៩៦ ដោយថ្វាយព្រះនាមថា «សម្ដេចព្រះបរមរាជា »។
ក្រោយពីបានឡើងសោយរាជ្យ ព្រះបរមរាជាបានសព្វព្រះរាជហឫទ័យតបស្នងសងគុណដល់ បែឡូសូ និងប្លារូហ្ស៍ ភ្លាម ដោយទ្រង់លើកអ្នកទី១ឱ្យធ្វើជាស្ដេចត្រាញ់នៅលើដីបាភ្នំ និងអ្នកទី២ឱ្យធ្វើជាស្ដេចត្រាញ់នៅលើដីទ្រាំង។ តាមមើលទៅ ប្រជាជនប្រហែលជាមិនសូវពេញចិត្ដប៉ុន្មានទេ នឹងការតែងតាំងពួកអ្នកផ្សងព្រេងទាំង២ ឱ្យក្លាយទៅជាអភិបាលខែត្រដ៏មានអំណាចនៅក្នុងព្រះរាជាណាចក្រនេះ ហើយមានមន្ដ្រីជាច្រើននាក់ដែលមិនសប្បាយចិត្ដ។ ដោយហេតុនេះ ព្រះរាជាដែលគង់នៅក្រោមស្វេតច្ឆត្រ មិនសូវជាស្រួលប៉ុន្មានទេ។ បែឡូសូ និងប្លារូហ្ស៍ យល់ហេតុការណ៍នេះច្បាស់ណាស់ ក៏តាំងស្វះស្វែងរកជំនួយពីខាងក្រៅ។ បែឡូសូបានសុំជំនួយពីពួកព័រទុយហ្គាល់ នៅម៉ាឡាកា ឯប្លារូហ្ស៍ ទៅសុំជំនួយពីពួកអេស្ប៉ាញនៅឯហ្វីលីពីន។ អភិបាលក្រុងម៉ានីលបានប្រគល់ទាហាន ២០០នាក់ ឱ្យជិះកប៉ាល់៣គ្រឿងចេញមក ក៏ប៉ុន្ដែគ្មានកប៉ាល់ណាមួយបានមកដល់កម្ពុជាទេ ហើយមានតែកប៉ាល់១ប៉ុណ្ណោះដែលបានត្រលប់ទៅដល់ហ្វីលីពីនវិញ។ ដូច្នេះ បែឡូសូ និងប្លារូហ្ស៍ មិនអាចពឹងផ្អែកអ្នកណាបានក្រៅតែពីពឹងលើខ្លួនឯងឡើយ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
នៅពេលនោះ ពួកចាម និងម៉ាឡេ ដែលព្រះរាជាខ្មែរមុនៗអនុញ្ញាតឱ្យរស់នៅប្រមូលផ្ដុំគ្នានៅក្នុងខែត្រត្បូងឃ្មុំ បើទោះបីថាពួកនេះជាជនបរទេសហើយកាន់សាសនាមហាម៉ាត់ក៏ដោយ បាននាំគ្នាបះបោរឡើង។ ពួកនេះបានពិនិត្យមើលឃើញថាព្រះរាជាណាចក្រចុះទន់ខ្សោយ ក៏មានបំណងចង់កាន់អាវុធឡើងទាមទារឯករាជ្យ ក្រោមការដឹកនាំរបស់មេ២នាក់ គឺចាមឈ្មោះ ពោធិរតន៍ ដែលប្រហែលជាជាប់ខ្សែស្រឡាយនឹងរាជវង្សចាមពីមុន និងជនម៉ាឡេឈ្មោះ ល័កស្មណៈ ដែលពង្រត់ម្ចាស់ក្សត្រី១អង្គដែលខ្លួនធ្លាប់ស្រឡាញ់ប្រហែលជាក្សត្រីយ៍ដែលធ្លាប់រៀបអាពាហ៍ពិពាហ៍ជាមួយ បែឡូសូ ហើយទ្រង់មានគំនុំស្អប់ពួកអឺរ៉ុប ជំរុញឱ្យល័កស្មណៈធ្វើការសងសឹកថ្វាយ។ បែឡូសូ និងប្លារូហ្ស៍ បានកេណ្ឌទ័ពនៅក្នុងអាណាខែត្រទឹកដីរបស់ខ្លួន រួចចេញច្បាំងវាយកម្ទេចពួកចាម និងម៉ាឡេ បះបោរបរាជ័យអស់ទៅ។ ពេលមកដល់រាជធានីស្រីសន្ធរ ព្រះបរមរាជាចៅពញាតន់ បានចាត់ឱ្យអ្នកទាំង២បន្ដដំណើរទៅកាន់ភ្នំពេញ ដើម្បីជួយរៀបចំសណ្ដាប់ធ្នាប់ ដែលល្អក់កករដោយជម្លោះរវាងពួកជប៉ុន និងអេស្ប៉ាញ ២កប៉ាល់ដែលទើបតែមកដល់ ដោយដឹកអាវុធយុទ្ធភណ្ឌមកផ្គត់ផ្គង់កប៉ាល់៣មុន ដែលនៅម៉ានីលគេមិនដឹងថាបាត់ដំណឹងទៅហើយទេ។ ក៏ប៉ុន្ដែបែឡូសូ និងប្លារូហ្ស៍មកដល់យឺតពេល ពួកជប៉ុនបានសម្លាប់ពួកអេស្ប៉ាញអស់ជាច្រើន។ បន្ទាប់មក ពួកជប៉ុនបានរួមដៃជាមួយនឹងពួកម៉ាឡេ ព្រួតគ្នាវាយមកលើទ័ពដ៏តិចតួចរបស់ បែឡូសូ និងប្លារូហ្ស៍ ហើយសម្លាប់អ្នកទាំង២បាន ក្រោយពីការប្រយុទ្ធដ៏អង់អាចក្លាហានរួចមក។ (សូមរងចាំអាននៅលេខក្រោយទៀត) (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ប្រវត្តិសាស្ត្រ៖ សម័យស្រីសន្ធរ ប្រវត្តិសាស្ត្រ៖ សម័យស្រីសន្ធរ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on Sunday, December 08, 2024 Rating: 5

No comments:

គេហទំព័រ កាសែត ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម

Powered by Blogger.