ផ្សាយថ្ងៃទី ០២ វិច្ឆិកា ២០២៤
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
រឿង ប្រាសាទនៅឃុំស្វាយអង្គ (ខេត្តស្វាយរៀង) ប្រជុំរឿងព្រេងខ្មែរ ភាគ ៦ ទំព័រ ១៤៥ - ១៥០ នៅក្នុងឃុំស្វាយអង្គ ស្រុកស្វាយរៀង ខេត្តស្វាយរៀង នៅចម្ងាយ ប្រមាណជា ១០ គ.ម. អំពីថ្នល់ជាតិលេខ ១ (គឺថ្នល់ពីភ្នំពេញទៅស្វាយរៀង) មានទួលមួយខ្ពស់ មិនដែលលិចទឹកទេ ។ អ្នកស្រុកជំនាន់មុនៗ មក បានសន្មតឈ្មោះហៅថា "ទួលស្វាយអង្គ" ។ ទួលនេះហើយ ដែលជាគោលសន្មតនាមនៃឈ្មោះឃុំនេះ ។ នៅលើទួលនេះ មានកំពែងនឹងប្រាសាទថ្មបុរាណមួយ មានសណ្ឋានជាព្រះវិហារ មានក្បាច់ចម្លាក់ របៀបរចនាបុរាណ គួរឲ្យចាប់អារម្មណ៍ ដែលគេតាក់តែងឡើងដោយឥដ្ឋខ្លះ ដោយថ្មបាយក្រៀមខ្លះ មានបណ្ដោយប្រមាណជា ៨៣ ម ទទឹង ៤៦ ម. ។
សព្វថ្ងៃ ប្រាសាទនេះ បាក់បែកអស់ទៅហើយ នៅមានសល់តែកម្ទេចឥដ្ឋ ថ្ម និង ភាពសណ្ឋានខ្លះតែប៉ុណ្ណោះ ។ នៅចំកណ្ដាលទួលនោះ មានដើមជ្រៃមួយដើមធំ និង ខាងមុខប្រាសាទបាក់បែកនេះ គេឃើញមានអង្គ (លិង្គព្រះឥសូរ ឬ សិវលិង្គ) ។ អ្នកផងធ្វើដំណើរទៅកាន់បុរាណដ្ឋាននេះ បានស្រួលងាយតែនៅរដូវរំហើយ គឺរដូវដែលអស់ភ្លៀង ទៅបានតែផ្លូវជើង និង ផ្លូវលំប៉ុណ្ណោះ ។ ឯរឿងព្រេងដែលទាក់ទងដោយនាម "ស្វាយអង្គ" មានដូចតទៅ ៖ មានសេចក្ដីដំណាលថា : កាលពីរាជធានីនៅលង្វែក មានបុរសម្នាក់ឈ្មោះ "សំរិទ្ធ" ជាអ្នកខ្លាំងពូកែអង់អាចណាស់ មានទីលំនៅលើទួលនេះ ។ កាលដែលស្រុកកើតចម្បាំងជាមួយនឹងសៀម, ព្រះរាជា ក៏ទ្រង់អំពាវនាវ ដល់អាណាប្រជានុរាស្ត្រគ្រប់ខេត្តខណ្ឌ បើនរណាខ្លាំងពូកែអង់អាចនោះ សូមឲ្យចូលខ្លួនទៅបម្រើក្នុងកងទ័ព ដើម្បីបង្ក្រាបខ្លាំងសៀម ដែលចូលមករាតត្បាតអាណាខេត្តខ្មែរ ឯតំបន់ប្រទល់ដែន គ្រងខេត្តបាត់ដំបង និង សៀមរាប ។
បុរសសំរិទ្ធ ក៏ស្ម័គ្រចិត្តចូលខ្លួនទៅតាមព្រះរាជតម្រាស់អំពាវនាវនេះ ។ គាត់បានប្រុងប្រៀបរៀបចំខ្លួន និង ប្រដាប់ប្រដា មានគ្រឿងសស្ត្រាវុធ និង អាវតេជះជាដើម រួចស្រេច លាប្រពន្ធកូនធ្វើដំណើរឆ្ពោះទៅកាន់រាជធានីលង្វែក ដោយដំណើរថ្មើរជើងទទេ ។ លុះទៅដល់លង្វែកហើយ គាត់បានទៅរកជួបមេទ័ព ដើម្បីប្រគល់ខ្លួនគាត់តាមរដ្ឋត្រូវការ ។ ឯលោកមេទ័ពខ្មែរ កាលបានពលរេហ៍គ្រប់គ្រាន់ល្មមហើយ ក៏តាំងបុរសសំរិទ្ធជាទ័ពធំ ឲ្យលើកព្យុហយាត្រាទៅបាត់ដំបង ដើម្បីកម្ចាត់ពួកសត្រូវ ។ លុះទៅដល់សមរភូមិ បុរសសំរិទ្ធ ក៏ចាប់ប្រយុទ្ធយ៉ាងស្វាហាប់ លុះត្រាតែទ័ពសៀមបរាជ័យ រត់ខ្ចាត់ខ្ចាយអស់ ។ ដោយឫទ្ធិតេជះរបស់បុរសសំរិទ្ធ ទ័ពសៀម ក៏បាក់បបខ្លបខ្លាច លែងហ៊ានចូលមករុករានរាតត្បាតទឹកដីខ្មែរតទៅទៀតស្រុកក៏បានសានត្រាណ ។
បុរសសំរិទ្ធក៏លើកទ័ព ត្រឡប់មកកាន់រាជធានីលង្វែកវិញ ហើយបានទូលព្រះរាជា តាមដំណើរដែលខ្លួនមានជ័យជម្នះលើទ័ពសៀម ហើយសុំព្រះរាជានុញ្ញាតក្រាបបង្គំទូល ត្រឡប់ទៅស្រុកកំណើតវិញ ។ ព្រះរាជា ទ្រង់ព្រះរាជានុញ្ញាតតាមសុំ ។ បុរសសំរិទ្ធ បានធ្វើដំណើរត្រឡប់ ឆ្ពោះទៅស្វាយរៀងវិញ,មកដល់ភូមិដូនពេញ ក៏ឈប់សម្រាកនៅទីនោះ ១ យប់ ទើបធ្វើដំណើរតទៅទៀត, ទៅដល់ពាក់កណ្ដាលផ្លូវ ក៏ឈប់ស្រាយសំពាយរបស់គាត់មើល ។ លុះស្រាយទៅ ទើបដឹងថា សំពាយនេះ មិនមែនជាបង្វេចរបស់គាត់ទេ នៅក្នុងបង្វេចនេះ ឃើញមានតែសំពត់ ១ និង ផ្លែស្វាយ ២-៣ ប៉ុណ្ណោះ ។ គាត់ក៏ដឹងថា បង្វេចនេះច្រឡំគ្នា ក្នុងពេលដែលមកពីច្បាំង ហើយឈប់សម្រាកនៅអង្គរនោះហើយ ព្រោះពេលនោះ មានការច្រឡូកច្រឡំខ្លះ ហើយផ្លែស្វាយនេះទៀត ក៏ជាស្វាយដែលបានពីអង្គរដែរ ។ បុរសសំរិទ្ធ ក៏ខំរូតរះធ្វើដំណើរទៅដល់លំនៅអាត្មាដោយសុខសាន្ត ។ កាលបានទៅដល់ហើយ ប្រពន្ធគាត់យកគ្រាប់ស្វាយ ដែលទុំរលួយសាច់អស់នៅក្នុងបង្វេចគាត់ ទៅកប់ដាំនៅជាយរបង, មិនយូរប៉ុន្មានស្វាយក៏ដុះឡើងបែកមែកធាង មានផ្កា-ផ្លែ ជាហូរហែរៀងមក ។ ស្វាយនេះ អ្នកស្រុកនាំគ្នាហៅថា "ស្វាយអង្គរ" ព្រោះជាពូជស្វាយបានមកពីអង្គរ, ប៉ុន្តែតៗ មក ពាក្យ "អង្គរ" ហៅកាត់ខ្លីមកនៅត្រឹមតែ "អង្គ" បានជាជាប់ពាក្យថា : "ស្វាយអង្គ" ដល់សព្វថ្ងៃ ។ ខាងក្រោយមក បុរសសំរិទ្ធ និង ភរិយា ក៏ស្លាប់បាត់ទៅ នៅតែតំណកូនចៅរបស់គាត់ ។ កូនចៅនេះ ខ្លះក៏ទៅនៅឯណោះ ខ្លះក៏ទៅនៅឯណេះ បែកគ្នាទៅតាមប្ដី តាមប្រពន្ធ, លុះយូរៗ ទៅ ទីភូមិរបស់គាត់នេះ ក៏លែងមានមនុស្សនៅ ។

អ្នកស្រុកក៏នាំគ្នាសាងជាអារាមមួយឡើង ដាក់នាមថា "វត្តស្វាយអង្គ" ដោយមានលោកគ្រូចៅអធិការជាអ្នកគ្រប់គ្រង ព្រមទាំងមានភិក្ខុ-សាមណេរគង់នៅជាច្រើន ។ កន្លងមកទៀត ដោយមានការទទើសទទែងពីវត្តផង, មានសត្វស្លាបផ្សេងៗ ទុំនៅលើដើមស្វាយនោះ នាំឲ្យមិនស្អាតផង មានការខ្វះខាតគ្រឿងសេនាសនៈខ្លះផង លោកគ្រូចៅអធិការ ក៏ឲ្យភិក្ខុ-សាមណេរ កាប់រំលំដើមស្វាយនោះ តែដោយឫទ្ធិដើមស្វាយធំនោះ ភិក្ខុ-សាមណេរកាប់ ១ ថ្ងៃ បានតែពាក់កណ្ដាលដើម នៅសល់ប៉ុន្មាន នឹងកាប់ក្នុងថ្ងៃខាងមុខទៀត, លុះព្រឹកឡើង ស្រាប់តែស្នាមកាប់ទាំងប៉ុន្មានដែលបានកាប់ខ្លះទៅហើយនោះ ក៏ដុះសាច់ដុះសំបក គ្របជិតដូចដើមវិញ ។
គួរអស្ចារ្យណាស់, លោកគ្រូ ក៏ឲ្យលោកភិក្ខុ-សាមណេរកាប់ទៀត ។ កាប់មួយថ្ងៃទល់ល្ងាច ដោយខំយ៉ាងណា ក៏បានត្រឹមតែពាក់កណ្ដាលដើម, លុះព្រឹកឡើងឃើញដុះសាច់ដុះសំបកដូចដើមដដែលទៀត ។ លោកគ្រូចង់ទាល់គំនិត ។ ថ្ងៃមួយ, លោកបានឲ្យភិក្ខុ-សាមណេរយ៉ាងច្រើន ដោយមានពូថៅ និង ដឹងគ្រប់ដៃ ហើយលោកប្រាប់ថា នាំគ្នាកាប់ឲ្យរលំក្នុងថ្ងៃនេះឲ្យហើយស្រេចតែម្ដង ។ ដើមស្វាយ ទ្រាំមិនបាននឹងពូថៅ-ដឹងច្រើនពេក ក៏រលំ ។ រលំហើយ ស្លឹកវាក៏មិនស្រពាប់ស្រពោនទៀត បែរជាដុះមែកបែកខ្នែងចេញផ្លែផ្កា ដូចធម្មតា ។ នៅពេលយប់ គេឮសូរតែសព្ទភ្លេងពិណពាទ្យប្រគំយ៉ាងលន្លង់លន្លោច ធ្វើឲ្យអ្នកស្រុកស្ងើចអស្ចារ្យ, មិនយូរប៉ុន្មានគ្រូចៅអធិការ ក៏កើតជំងឺឈឺជាខ្លាំង រវើរវាយ រហូតដល់ក្លាយទៅជាឆ្កួតវង្វេងអស់ ។ ចំណែកភិក្ខុ-សាមណេរ កាលបើឃើញហេតុអស្ចារ្យដូច្នេះ ក៏រត់ចោលអារាមនោះអស់ទៅ ។
ឧបាសក ឧបាសិកា ក៏បាននាំគ្នាទៅកសាងវត្តថ្មីទៀត នៅចម្ងាយប្រមាណ ១ គ.ម. អំពីវត្តស្វាយអង្គចាស់នេះ ដែលសព្វថ្ងៃ គេឲ្យឈ្មោះថា "វត្តស្វាយផ្អែម" វិញ ។ ឯកន្លែងវត្តចាស់នោះ សព្វថ្ងៃ នៅមានដើមស្វាយជំនាន់ក្រោយៗ មក និង មានដើមឈើទាល ព្រមទាំងកូនឈើឯទៀតៗ ជាច្រើន ដុះ ។ រឿងរ៉ាវទាំងនេះហើយ ជាប្រភពនៃបុរាណដ្ឋាននេះ តាមបែបរឿងព្រេង ។ តែបើសង្កេត តាមប្រវត្តិទីកន្លែងផ្ទាល់ទៅវិញ ឃើញថាពាក្យ "អង្គ" នេះ ពុំសមក្លាយមកពីពាក្យ "អង្គរ" ទេ គឺមកពីទីនេះជាសរណដ្ឋានបុរាណខាងសាសនាព្រាហ្មណ៍ ដោយមានកសាងជាសិវលិង្គ តម្កល់ធ្វើជាវត្ថុសក្ការក្នុងគ្រានោះ ។ សិវលិង្គនេះហើយ ដែលអ្នកស្រុកហៅថា "អង្គ" បានជាក្រោយៗ មក គ្រាដែលយើងត្រឡប់មកពីគោរពព្រះពុទ្ធសាសនាវិញ ទីសក្ការរបស់លទ្ធិព្រាហ្មណ៍ទាំងអម្បាលនេះ ក៏ត្រូវគេផ្លាស់ប្ដូរជាអារាមពុទ្ធសាសនាទៅវិញ តែនៅសល់ជាប់ឈ្មោះទីនោះៗ ថា "អង្គៗ" រហូតមកដូចនេះដែរ ដូចជាអង្គប្រាសាទ, អង្គប្រិយ, អង្គស្នួល ។ល។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី Wing 016 85 63 66)

រឿងប្រាសាទនៅឃុំស្វាយអង្គ (ខេត្តស្វាយរៀង)
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
Friday, November 01, 2024
Rating:
No comments: